FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ នេះបើតាមការប្រកាសរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធទៅនឹង ការរៀបការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤។
លោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងចំណោមថ្ងៃបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ខាងមុខនេះ គ.ជ.ប បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃរៀបចំការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤។
លោក ស៊ិក ប៊ុនហុក បានបន្តថា ចំពោះបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ គ.ជ.ប បានសម្រេចរួចរាល់ហើយ ដែលនឹងបញ្ជូនទៅភាគីពាក់ព័ន្ធ ដើម្បីផ្តល់អនុសាសន៍ក្នុងពេលដ៏ឆាប់ខាងមុខ។
លោក ស៊ិក ប៊ុនហុក បានបន្ថែមថា សមាជិកព្រឹទ្ធសភា នីតិកាលទី៤ គឺមានការកើនឡើងពី ៦១អាសនៈ ទៅ ៦២អាសនៈ ក្នុងនោះសមាជិក២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ជ្រើសតាំងដោយរដ្ឋសភាមតិភាគច្រើន និង ៥៨រូបទៀត ជ្រើសតាំងតាមការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាទាំងមូល។
បើតាមលោកប្រធាន គ.ជ.ប ការកើនឡើងសមាជិកព្រឹទ្ធសភានេះ ដោយសាការកើនឡើងនៃអ្នកបោះឆ្នោតពី ១១,៤៧៦នាក់ ទៅ ១១,៩៦៥នាក់។ ដោយឡែក រយៈពេលនៃការឃោសនាបោះឆ្នោត ត្រូវបានកាត់បន្ថយគឺពី ២១ថ្ងៃ មកត្រឹម ១៤ថ្ងៃវិញ ហើយការរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិនេះ ធ្វើឡើងមិនខុសពីអាណត្តិមុនៗដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ គឺជាការបោះឆ្នោតអសកល ដែលមានតែក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងប៉ុណ្ណោះ ទើបមានសិទ្ធិបោះឆ្នោត៕