FN ៖ កម្ពុជា និងកូឡុំប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការរួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើបណ្តាញសង្គម Facebook នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ផងដែរថា ក្រៅពីការចុះហត្ថលេខាលើកលែងទិដ្ឋាការហើយនោះ លោក និងលោកស្រី Maria Angela Holguin រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូឡុំប៊ី ក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូឡុំប៊ី នៅឯខាងក្រៅកិច្ចប្រជុំ UNGA នៅទីក្រុងញូវយ៉ក ប្រទេសអាមេរិកផងដែរ។ លោករដ្ឋមន្រ្តីបន្តថា កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីបំណងជារួមរបស់ប្រទេសទាំងពីរ ដើម្បីពង្រឹងចំណងទាក់ទងទ្វេភាគីបម្រើឲ្យ ផលប្រយោជន៍របស់ប្រជាជនយើងទាំងពីរ។
សូមបញ្ជាក់ថា ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បាននឹងកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៧២ និងកិច្ចប្រជុំផ្សេងៗទៀត នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស ដែលចេញផ្សាយនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើសេចក្ដីថ្លែងការណ៍នៅក្នុងសម័យប្រជុំមហាសន្និបាតសហប្រជាជាតិលើកទី៧២ ដោយផ្ដោតសំខាន់លើសារៈសំខាន់ នៃកិច្ចប្រឹងប្រែងរួម ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងភេរវកម្ម សមិទ្ធផលរបស់កម្ពុជា ស្ដីពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងកិច្ចប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងដំណើរចូលរួមក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចុះហត្ថលេខាជាមួយសមភាគីមកពីប្រទេសប្រេស៊ីល និងប្រទេសកូឡុំប៊ី លើឯកសារចំនួន២ រួមមាន៖ ទី១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រេស៊ីល ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស។ ទី២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូឡុំប៊ី ស្ដីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ៕