FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាស អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ នាមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង បានថ្លែងផ្សព្វផ្សាយពីកម្ពុជា គឺជាគោលដៅទេសចរណ៍ល្អបំផុត មួយនៅក្នុងតំបន់ ខណៈមានប្រាសាទអង្គរ ជាអច្ឆរិយៈគ្មានពីរលើលោក រួមជាមួយសម្បតិ្តបេកិកភណ្ឌអរូបិយ៍ផ្សេងទៀតផង។
Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានដកស្រង់សំដីរបស់សម្តេចថា «កម្ពុជាពិតជាគោលដៅទេសចរណ៍ ប្រកបដោយភាព ទាក់ទាញក្នុងតំបន់ ដោយឈរលើលក្ខណៈពិសេស នៃអច្ឆរិយៈគ្មានពីរនៃប្រសាទអង្គរ និងប្រសាទរាប់ពាន់ទៀតនិងសម្បតិ្ត បេតិកភណ្ឌអរូបីនានា»។
នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤នេះ មានការចូលរួមប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជា សមាជិកទាំងអស់ របស់ប្រទេសអាស៊ាន ជាច្រើន រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
លោក ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន បានថ្លែងសន្ទរកថាបើពិព័រណ៍ចិន-អាស៊ាន លើកទី១៤ បន្ទាប់មក ប្រមុខដឹកនាំអាស៊ានទាំងអស់ ក៏បានថ្លែងសន្ទរកថាម្នាក់ម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិពរណ៍ចិន-អាស៊ាននេះ មិនត្រឹមតែផ្តល់ឱកាសដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជាសមាជិកទាំងអស់ របស់អាស៊ាន ការពិភាក្សាផ្លាស់ប្តូរគំនិតគ្នា ដើម្បីពង្រឹងនិងពង្រីក វិស័យពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិការមួយចូលរួមចំណែក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបង្កើនកាលានុវត្តភាព ពាណិជ្ជកម្មរវាងប្រទេសចូលរួមពិពរណ៍ លើគ្រប់វិស័យផងដែរ។
សម្តេចតេជោ បានថ្លែងទៀតថា ទន្ទឹមនេះដែរវេទិកានេះ ពីមួយឆ្នាំទៅមួយឆ្នាំ ក៏កាន់តែមានការរីកចម្រើនខ្លាំងឡើងៗ និងមានសារៈសំខាន់ សំរាប់តំបន់យើង និងបានដើរស្របគ្នាទៅនឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាវិជ្ជមាន រវាងប្រទេសចិន និងអាស៊ាន។ ជាមួយនឹងការ រីកចម្រើនជាប្រចាំ នៅក្នុងវិស័យសេដ្ឋកិច្ច ដែលជាក្បាលម៉ាស៊ីនអូសកំណើនរបស់ពិភពលោក តំបន់អាស៊ីយើងបានមានការផ្លាស់ប្តូរ យ៉ាងជ្រាលជ្រៅ និងបានក្លាយជាមជ្ឈមណ្ឌលពហុវប្បធម៌ និងអរិធម៌ដ៏សំខាន់មួយ ដែលប្រជាជនទូទាំងពិភពលោកចង់ឃើញ ចង់ស្គាល់ និងស្វែងយល់។ ក្នុងស្មារតីនេះ ប្រធានបទនៃវេទិកានេះ ពិតជាមានសារសំខាន់ណាស់ នៅក្នុងការជំរុញ និងលើកតម្កើងចិន អាស៊ាន និងអាស៊ីទាំងមូលឲ្យក្លាយជាតំបន់មួយប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែង។
សម្តេចតេជោ បានថ្លែងបញ្ជាក់ទៀតថា ជាសក្ខីកម្ម ទំហំពាណិជ្ជរវាងអាស៊ាន និងចិនមានទំហំប្រមាណ៤៥២ ប៊ីលានដុល្លារនៅក្នុង ឆ្នាំ២០១៦។ ក្រៅពីកំណើននៃការដោះដូរ ពាណិជ្ជកម្មរវាងតំបន់អាស៊ាន ចិន សកម្មភាពទេសចរណ៍ រវាងតំបន់ទាំងពីរមានការ កើនឡើងជាលំដាប់ ដោយភ្ញៀវទេសចរចិន ទៅតំបន់អាស៊ានមានចំនួនជិត២០លាននាក់ ក្នុងឆ្នាំ២០១៦ ជាមួយកំណើន៦.៤% បៀបនឹងឆ្នាំ២០១៥។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ចំនួនភ្ញៀវទេសចរចិន បាននៅឈរលំដាប់ទី១ សំរាប់ភ្ញៀវទេសចរអន្តរជាតិ ដែលទៅទស្សនាតំបន់អាស៊ាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ម្យ៉ាងវិញទៀត ចំនួនភ្ញៀវទេសចរអាស៊ាន ទៅប្រទេសចិនទាំងមូល ក៏មានការកើនឡើងជាលំដាប់ដូចគ្នា ដោយមានចំនួនជាង១០លាននាក់ ក្នុងឆ្នាំ២០១៦ កើនជាង៥៧.៨% ធៀបនឹងឆ្នាំ២០១៥។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ជាការពិតកំណើនខ្ពស់នៃវិស័យទេសចរណ៍រវាងអាស៊ាន-ចិន នេះបានកំពុងជួយជំរុញ ឲ្យបាននូវ សមាហរណកម្មសេដ្ឋកិច្ចរវាងតំបន់អាស៊ាន-ចិន កាន់តែមានភាពស៊ីជម្រៅ និងការតភ្ជាប់កាន់តែរឹងមាំ។ វិស័យទេសចរណ៍នេះ ទៀតសោត ក៏ជម្រុញការតភ្ជាប់រវាង ប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការស្ថាបនា ផ្លូវសូត្រសតវត្ស៍រទី២១ ឲ្យកាន់តែមាំមួន ស្របពេលដែលកសាងវិថីសូត្រសតវត្ស៍រទី២១ បានក្លាយជារបៀបវារមួយដ៏សំខាន់ ដែលប្រទេសយើងទាំងអស់ គ្នាត្រូវតែធ្វើការ រួមគ្នាដើម្បីសំរេចនូវសមហរណកម្មតំបន់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងស្មារតីនេះ គំនិតផ្តួចផ្តើមពង្រឹងវិស័យទេសចរណ៍នេះ នឹងជួយបង្កើនការស្ថាបនាវិថីសូត្រ សតវត្សរ៍ទី២១ ដែលនឹងជម្រុញសហបត្តិការតំបន់ឲ្យឈានដល់កំរិតថ្មីមួយទៀត ជួយពង្រឹងកំណើនសេដ្ឋកិច្ចផង ជួយជម្រុញ សមាហរណកម្មតំបន់អាស៊ាន-ចិនផង ជាពិសេសសមាហរណកម្មរវាងតំបន់អាស៊ានខ្លួនឯងផ្ទាល់ ឲ្យកាន់តែគ្រប់ជ្រុងជ្រោយ»។
សូមជម្រាបថា ឆ្នាំ២០១៦ ភ្ញៀវទេសចរចិន ចូលមកទស្សនាកម្ពុជា បានឈរលំដាប់ទី២ ដែលភ្ញៀវទេសចរចិនមានប្រមាណ៨.៣សែននាក់ ដែលមានការកើនឡើងជង២០% ធៀបនឹងឆ្នាំ២០១៥។ កម្ពុជាត្រៀមខ្លួនទទួលធ្វើជាប្រទេសកិតិ្តយសក្នុងពិពរណ៍ចិន-អាស៊ានលើទី១៥ ឆ្នាំ២០១៨ខាងមុខផងដែរ៕