FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស។
លោក ស៊ិក ប៊ុនហុក បានថ្លែងថា ការចុះឈ្មោះបញ្ជីបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយការចុះឈ្មោះបោះឆ្នោត គឺធ្វើនៅតាមឃុំ-សង្កាត់ និងក្នុងភូមិមួយចំនួននៅក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស។ ក្នុងឱកាសការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពបោះឆ្នោតនេះ គ.ជ.ប សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់ ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។
ប្រធាន គ.ជ.ប បានបន្តថា ក្នុងករណីដែលឈ្មោះ និងទិន្នន័យបងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវ ឲ្យបានត្រឹមត្រូវតាមឯកសារសំអាងច្បាស់លាស់។ ចំពោះការចុះឈ្មោះបោះឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត និងអ្នកមិនទាន់ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំ គីតដល់ថ្ងៃបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឬអ្នកកើតមុននិងកើតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។
ប្រធាន គ.ជ.ប បានបន្តយ៉ាងដូច្នេះថា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់ទីលំនៅ ឬផ្លាស់ទីសំណាក់ចូលក្នុងភូមិសង្កាត់ថ្មី សូមអញ្ញើញទៅ ចុះឈ្មោះបោះឆ្នោត តាមកម្មវិធីបោះឆ្នោត នៅតាមឃុំ-សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតសូមអំពាវនាវដល់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយនូវខ្លឹមសារ នៃសេចក្តីអំពាវនាវនេះជូនប្រជាពលរដ្ឋខ្មែរ បានយល់ដឹកគ្រប់គ្នាអំពីសារៈសំខាន់នៃកាធ្វើបច្ចុប្បន្នភាពបញ្ជី ឈ្មោះបោះឆ្នោត និងការចុះឈ្មោបោះឆ្នោតហើយជួយជំរុញ ឲ្យប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕