FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោត ហើយកំពុងបំពេញបេសកកម្ម បម្រើការងារ ឬសិក្សានៅក្រៅប្រទេស មេត្តារួសរាន់ត្រឡប់មកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខ។ នេះបើតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ។
ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ដែលនឹងចាប់ផ្ដើមឡើងពីថ្ងៃទី០១ ខែកញ្ញា ស្អែកនេះ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ។ ទន្ទឹមនឹងនោះ ក៏ជាការធ្វើបច្ចុប្បន្នភាពលើបញ្ជីបោះឆ្នោត កាលពីឆ្នាំ២០១៦ ផងដែរ។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានតែនៅការិយាល័យបោះឆ្នោតដែលតាំងនៅក្នុងសាលាឃុំ-សង្កាត់នីមួយៗ និងនៅតាមភូមិមួយចំនួនតែប៉ុណ្ណោះ ពោលគឺគ្មាននៅកន្លែងណាផ្សេងឡើយ ដូចជា ស្ថានទូតកម្ពុជាប្រចាំនៅបរទេស ឬនៅតាមព្រំដែនជាដើម។
គ.ជ.ប បានបញ្ជាក់ថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ ពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីបានចុះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ បើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ទេនោះ នឹងពុំអាចបោះឆ្នោតបានឡើយ។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្ន ពលករ និងកម្មសិក្សាការីកម្ពុជា ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ១,០៥០,០០០នាក់។ ក្រៅពីនេះ នៅមានប្រជាពលរដ្ឋ និងសិស្សនិស្សិតជាច្រើននាក់ទៀត។
សូមជម្រាបថា កន្លងមក គ.ជ.ប បានប៉ាន់ស្មាននូវចំនួនប្រជាពលរដ្ឋកម្ពុជាសរុបទាំងអស់ មានចំនួន ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ ខណៈប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១,៤១២,១៤៩នាក់៕