FN ៖ ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក អ៊ិហ្ស៊ិកាវ៉ា គិអ៊ិឈិ អគ្គនាយករោងចក្រកែច្នៃមើមខ្ញី ដែលមានមូលដ្ឋាននៅខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ននេះដំណាំខ្ញីកំពុងត្រូវប៉ាន់ទីផ្សារជាខ្លាំង ដោយក្រុមហ៊ុនរបស់លោកត្រូវការទិញមើមខ្ញីយ៉ាងច្រើនពីកសិករ ដើម្បីកែច្នៃទៅជាមើមខ្ញីជ្រក់ នាំយកទៅលក់ចែកចាយបន្ដលើទីផ្សារបរទេស។
លោក អ៊ិហ្ស៊ិកាវ៉ា គិអ៊ិឈិ បានថ្លែងឲ្យដឹងថា រោងចក្រត្រូវការមើមខ្ញីពី២ម៉ឺនគីឡូឡើងទៅក្នុង១ខែ ដើម្បីធ្វើជ្រក់ នាំចេញទៅលក់នៅក្នុងប្រទេសចិន, ជប៉ុន, ថៃ, វៀតណាម និងមួយផ្នែកទៀតសម្រាប់លក់ក្នុងស្រុក តាមហាងទំនើបៗមួយចំនួន ដើម្បីបំពេញតម្រូវការភ្ញៀវបរទេស ដែលនិយមចូលចិត្តទទួលទានខ្ញីជ្រក់នេះ។
លោកបានថ្លែងបន្ដទៀតថា អស់រយៈពេល២ឆ្នាំហើយ ដែលក្រុមហ៊ុនបានបើកដំណើរការ ផលិតខ្ញីជ្រក់នេះ។
ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យប្រជាកសិករនាំគ្នាដំាំដំណាំខ្ញីឲ្យច្រើន ខណៈនៅពេលនេះពុំទាន់មានបងប្អូនប្រជាពលរដ្ឋណាដំាំដំណាំនេះ ជាលក្ខណៈទ្រង់ទា្រយធំ នាំយកមកលក់ឲ្យក្រុមហ៊ុននោះឡើយ ទោះបីជាមានការអំពាវនាវ បំផុសបំផុលយ៉ាងណាក្ដី។ ក្រុមហ៊ុននឹងចាប់ទទួលទិញខ្ញីចាប់ពី១តោនឡើងទៅ។
លោកថា ខ្ញីជ្រក់មួយថងមានទម្ងន់១.៥គីឡូក្រាម តម្លៃ៦ពាន់រៀល មើមខ្ញីទាំងនោះត្រូវប្រមូលទិញពីប្រទេសចិន ប្រទេសថៃ និងប្រទេសកម្ពុជា (ខេត្តមណ្ឌលគីរី) ដោយទិញក្នុងតម្លៃ៨០០រៀលក្នុងមួយគីឡូ។
ក្នុងនោះលោកក៏បានធ្វើកាអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឲ្យដាំខ្ញីឲ្យបានច្រើន ដើម្បីយកមកលក់ឲ្យក្រុមហ៊ុន ព្រោះក្រុមហ៊ុនកំពុងមានតម្រូវការខ្ពស់ និងមានទីផ្សារច្បាស់លាស់៕