FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធមកពីគ្រប់មន្ទីរ-អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង។ ការជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៅក្នុងខេត្តស្ទឹងត្រែងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេច បានចុះសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។
ក្នុងពិធីសំណេះសំណាលនាល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគ្រោងនឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រត្រឡប់មកកាន់ រាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះវិញហើយ ប៉ុន្តែដោយសារតែមានភ្លៀង គឺមិនអនុញ្ញាតឲ្យរូបសម្តេចធ្វើដំណើរមកកាន់រាជធានីភ្នំពេញវិញបាន។ សម្តេចនឹងបន្ត ស្នាក់នៅខេត្តស្ទឹងត្រែងនេះ ១យប់។
សម្តេចបន្តថា នៅទីកន្លែងនេះ សម្តេចធ្លាប់ជួបនិងដោះស្រាយជាមួយអាជីវករខេត្តស្ទឹងត្រែង ដោយមានការលំបាកខ្លាំងណាស់ បើទោះបីជា សម្តេចបានចំណាយថវិកាផ្ទាល់ខ្លួន កសាងជូនអាជីវករក៏ពិតមែន ប៉ុន្តែមានការលំបាក់ពីការទាមទាររបស់អាជីវករ។ សម្តេចតេជោ ក៏បានថ្លែងដែរថា នៅថ្ងៃស្អែក សម្តេចមានកម្មវិធីចុះទៅកាន់គោលដៅចំនួន៣កន្លែង ក្នុងខេត្តស្ទឹងត្រែង មុនពេលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តស្ទឹងត្រែង ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន សមធម៌ និងប្រសិទ្ធភាពការងារនៅកម្ពុជា។
សម្តេចតេជោ សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរផងដែរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ដែលបានចូលរួមថែរក្សាបាន សន្តិសុខ សុវត្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សសង្គម ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៤ ឆ្នាំ២០១៧ ដែលបានបញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ កាលពីពេលថ្មីៗកន្លងទៅ។
សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា កន្លងមកទាំងប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានខិតខំថែរក្សាយ៉ាងប្តូរផ្តាច់នូវសុខ សន្តិភាព ស្ថិរភាពនយោបាយ សំដៅធ្វើយ៉ាងណាជំរុញល្បឿន នៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កម្ពុជា ឲ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត។
នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងអស់ ត្រូវចូលរួមថែរក្សាការពារឲ្យខានតែបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលយើងទាំងអស់គ្នាបាន ខិតខំរកបានដោយកម្រ ក្នុងរយៈពេលជាង៣៨ឆ្នាំកន្លងមក។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានធ្វើការ អំពាវនាវផងដែរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ ជាមួយនិងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៃប្រទេសជិតខាងឡាវ។
សម្តេចសង្កត់ធ្ងន់ថា កន្លងមកបើទោះបីជាមានបញ្ហាកើតឡើងបន្តិចបន្តួច នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរកម្ពុជា ឡាវ ក៏ពិតមែន ប៉ុន្តែសម្តេច បានធ្វើការដោះស្រាយ បញ្ចប់ជាមួយនឹងលោកនាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត ដោយមិនទុកឲ្យមានការពង្រីកជម្លោះ ពោលគឺ យើងខិតខំដោះស្រាយបញ្ចប់ជម្លោះ ដើម្បីឈានទៅបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ពិសេសការសន្យារួមគ្នា ក្នុងការប្រែក្លាយតំបន់ព្រំដែននៃប្រទេសទាំងពីរ ឲ្យក្លាយជាព្រំដែនសន្តិភាព ការផ្លាស់ប្តូរ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ប្រព័ន្ធគមនាគមន៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ក៏ ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ៕