FN ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ បានអញ្ជើញចុះ សួរសុខទុក្ខកងទ័ព និងពិភាក្សាការងារ នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង ដើម្បីជាការលើកទឹកចិត្ត ព្រមទាំងបង្កើតកងពលតូចថ្មើរ ជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដើម្បីសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
សម្តេចបានបញ្ជាក់ថា សម្តេចនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ មានលេខ១២៨ ឬហៅថា កងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដែលការរៀបចំនេះ មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងនៅលើ Facebook យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់ គឺពិនិត្យដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ។ យើងនឹងបង្កើតកងពលតូច អន្តរាគមន៍ថ្មីមួយមានលេខ ១២៨ ឬហៅថាកងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹកឲ្យប្រចាំការ នៅខេត្តស្ទឹងត្រែងផងដែរ។ ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើ កិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង»៕