FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងរិះគន់ដល់គណបក្សប្រឆាំងនៅកម្ពុជា ដែលធ្វើអ្វីៗមិនគិតដល់សន្តិភាពនៅក្នុងប្រទេស។ សម្តេចបានថ្លែងចេញពីទីក្រុងតូក្យូថា គណបក្សប្រឆាំងអាចធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញដល់សន្តិភាពនេះ ខុសពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតដល់សន្តិសុខ និងជីវិតប្រជាជនខ្មែរជានិច្ច។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំមិនមែនគ្រាន់តែគិតថា គណបក្សរបស់ខ្ញុំត្រូវតែឈ្នះនោះទេ។ យើងខ្ញុំត្រូវគិតដល់បរិយាកាសរួម នៃសន្តិសុខរបស់ប្រទេសជាតិ ខុសពីគណបក្សប្រឆាំង ដែលខ្វះការទទួលខុសត្រូវ គេអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាព ក៏ប៉ុន្តែយើងខ្ញុំក្នុងឋានៈនៃ បក្សកាន់អំណាច យើងខ្ញុំមានភារកិច្ចទទួលខុសត្រូវលើជីវិតប្រជាជន លើសន្តិសុខរបស់ប្រទេសជាតិ កុំឱ្យធ្លាក់ទៅក្នុងស្ថានភាពច្របូកច្របល់ និងគ្រោះថ្នាក់»។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងសិក្ខាសាលាស្ដីពីការវិនិយោគ ដែលរៀបចំដោយសមាគមជប៉ុន-កម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នាទីក្រុងតូក្យូ ជាទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ច។
នៅក្នុងឱកាសថ្លែងសុន្ទរកថា ទៅកាន់វិនិយោគិនជប៉ុនទាំងនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីស្ថានភាពនយោបាយកម្ពុជា នៅអំឡុងពេលបោះឆ្នោត ជាតិឆ្នាំ២០១៣។ សម្តេចបានរំលេចថា នៅអំឡុងពេលនោះ គណបក្សប្រឆាំង បានធ្វើព្យុះធ្វើភ្លៀងនៅក្នុងប្រទេស ដោយប្រកាសថា ឈ្នះនៅមុនការបោះឆ្នោត ប៉ុន្តែក្រោយបោះឆ្នោតបែរជាចាញ់ ហើយមិនទទួលស្គាល់លទ្ធផលខ្លួនទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «បក្សប្រឆាំងតែងតែប្រកាសអំពីភាពជោគជ័យរបស់គេនៅរាល់មុនការបោះឆ្នោត ប៉ុន្តែពួកគេក៏ធ្លាប់តែចាញ់រាល់ពេលនៃ ការបោះឆ្នោត ហើយតែងតែធ្វើបាតុកម្មជានិច្ចក្រោយការបោះឆ្នោត។ ឥឡូវដើម្បីចៀសវាង ច្រំដែលនៃប្រវត្តិសាស្រ្ត យើងក៏បានដាក់ចេញនូវច្បាប់ ព្រោះបក្សប្រឆាំងនៅកម្ពុជា មានចំណុចពិសេសរបស់គេគឺថា លទ្ធផលទាត់ចោល កៅអីគឺយក ប្រាក់ខែគឺយក។ ១មិន ២យក ! ១មិនយកលទ្ធផល ឯ២យកកៅអី និងយកប្រាក់ខែ»។
នៅក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត កាលពីខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានទទួល ៦៨អសនៈ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន៥៥អសនៈ។ ទោះជាយ៉ាងនេះក្តី គណបក្សប្រឆាំងនៅកម្ពុជា ដែលកាលណោះ មានលោកទណ្ឌិត សម រង្ស៊ី ជាប្រធាន ពុំបានទទួលស្គាល់ចំពោះលទ្ធផលនេះទេ ហើយបានដឹកនាំធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ហើយទាមទារឱ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែង។ បាតុកម្មត្រូវបានធ្វើឡើងយ៉ាងខ្លាំងសម្បើមនៅរាជធានីភ្នំពេញ ដែលអូសអន្លាយរយៈពេល១ឆ្នាំ។ ការខូចខាតបណ្តាលមកពីបាតុកម្មទាំងនោះ ត្រូវបានរាយការណ៍ថា មានទំហំគិតជាទឹកប្រាក់អស់រាប់លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ឥឡូវនេះច្បាប់បោះឆ្នោតថ្មី ដែលបានធ្វើវិសោធនកម្មរួច បានកំណត់ជាស្រេចដើម្បីទប់ទល់ទៅនឹងអ្នកឡាំប៉ា មិនទទួលយកលទ្ធផលការបោះឆ្នោត។ សម្តេចបានថ្លែងយ៉ាងដូច្នេះទៀតថា៖ «ច្បាប់ដែលពីមុនខ្វះខាត យើងបានបំពេញបន្ថែមថា បើសិនជាមិនចូលរួមក្នុង ការប្រជុំរដ្ឋសភា ក្រោយព្រះមហាក្សត្រកោះប្រជុំជាលើកដំបូង មានន័យថា អ្នកឯងបានបោះបង់ចោលនូវអសនៈ»។
សម្តេចបានគូសបញ្ជាក់ថា ពេលនេះប្រជាជនកម្ពុជា ពិតជាមិនចង់ឃើញភាពវឹកវរ និងសង្រ្គាមនោះទេ ហើយពលរដ្ឋខ្មែរយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព ដែលរកបានមកដោយលំបាក។ សម្តេចបញ្ជាក់ថា៖ «ប្រជាជនកម្ពុជា ពិតជាមានការយល់ដឹងអំពីតម្លៃនៃសន្តិភាព តម្លៃនៃការអភិវឌ្ឍ។ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍទេ។ ប្រទេសជប៉ុន មានសន្តិភាពទើបមានការអភិវឌ្ឍ។ គេមិនអាចអភិវឌ្ឍតាមបែបនៅអ៊ីរ៉ាក់ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះទេ»៕