FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាការឈានទៅសម្រេចគោលដៅក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ មិនអាចកាត់ផ្តាច់ និងមិនអាចខ្វះបាននូវការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននោះឡើយ។ ក្នុងន័យនេះសម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់វិនិយោគិនជប៉ុនបន្តបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យបាន កាន់តែច្រើនថែមទៀត។
ការថ្លែងបញ្ជាក់ពីការដើរតួនាទីដ៏សំខាន់របស់អ្នកវិនិយោគជប៉ុនសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្ដីពីការវិនិយោគ រៀបចំដោយសមាគមជប៉ុន-កម្ពុជា និងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) នាទីក្រុងតូក្យូ ទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ច។
នៅចំពោះមុខអ្នកវិនិយោគរបស់ជប៉ុនជាច្រើននាក់នោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចមិនបោះបង់ចោលការប្រឹងប្រែងរបស់សម្តេចក្នុងការ ទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់ប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណ ២០ឆ្នាំចុងក្រោយនេះនោះឡើយ។ សម្តេចបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កំពុងទទួលបានផលជាបណ្តើរៗហើយ ដោយមានអ្នកវិនិយោគជាច្រើនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «ខ្ញុំមិនបោះបង់ចោលនូវការខិតខំរបស់ខ្ញុំដែលមានជាង ២០ឆ្នាំមកនេះ គឺការខិតខំដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុនទៅកាន់ប្រទេសកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរ ពីដំណើរស្វែងរកសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងការប្រឹងប្រែងរបស់សម្តេចក្នុងការអភិវឌ្ឍប្រទេសចេញពីគំនរ ផេះផង់ នៃភ្លើងសង្រ្គាម រហូតក្លាយជាប្រទេសមួយកំពុងមានការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងមានការទទួលស្គាល់ពីបណ្តាប្រទេសនានាលើពិភពលោក។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំបានទទួលដឹកនាំប្រទេសនេះ តាំងពីស្ថានភាពដែលប្រទេសនេះ ពីទីក្រុងគ្មានមនុស្សនៅ ហើយជាប្រទេសដែលខ្ទេចខ្ទាំ ដោយសង្រ្គាម និងការកាប់សម្លាប់គ្មានត្រាប្រណៃ។ ខ្ញុំបានយកជីវិតធ្វើដើមទុន ដើម្បីធ្វើឲ្យប្រទេសនេះមានការឯកភាព និងបញ្ចប់សង្រ្គាម។ យើងចាប់ផ្តើមកសាង សេដ្ឋកិច្ចលំបាកណាស់ ហើយយើងក៏មានការសង្ឃឹមច្រើនដែរទៅលើដៃគូជាមិត្ត»។
សម្រាប់សម្តេចតេជោ ហ៊ុន សែន បានឲ្យតម្លៃខ្ពស់ណាស់ទៅដល់តម្លៃនៃសន្តិភាព និងស្ថេរភាពនយោបាយ ដែលកំពុងគ្រប់ដណ្តប់លើផ្ទៃប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ព្រោះវាមិនត្រឹមតែនាំមកនូវសេចក្តីសុខសម្រាប់ប្រជាពលរដ្ឋ និងការផ្តល់ឱកាសសម្រាប់អភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះទេ តែវាក៏ជាការរួមចំណែក សម្រាប់ទាក់ទាញអ្នកវិនិយោគទៅរកស៊ីនៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់អ្នកវិនិយោគជប៉ុនថា ក្នុងពេលកម្ពុជាមិនទាន់បញ្ចប់សង្រ្គាម ហើយទើបបញ្ចប់សង្រ្គាមថ្មីៗ នោះរដ្ឋាភិបាលជប៉ុន បានកំណត់ឲ្យអ្នកទេសចរជប៉ុន ធ្វើដំណើរទៅត្រឹមតែភ្នំពេញ និងខេត្តសៀមរាបតែប៉ុណ្ណោះ។ តែពេលនេះប្រទេសកម្ពុជា អាចធ្វើដំណើរទៅគ្រប់ទីកន្លែងទាំងអស់ ហើយមិនមែនគ្រាន់តែជាកន្លែងគ្មានការប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលអាចអញ្ជើញទៅទស្សនា ឬស្វែងរកឱកាស វិនិយោគថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់អ្នកវិនិយោគជប៉ុនទៀតថា ក្នុងនាមសម្តេចជាមេដឹកនាំ និងជាប្រជាជនរស់ក្នុងប្រទេស ងើបចេញពីភ្លើងសង្រ្គាម និងគំនរផេះផង់ សម្តេចស្គាល់ច្បាស់នូវការឈឺចាប់ និងស្គាល់ច្បាស់ពីតម្លៃសន្តិភាព និងដំណើរការប្រជាធិបតេយ្យ។
សម្តេចតេជោ បានថ្លែងថា កម្ពុជា បានចាប់ផ្តើមពីការនាំចេញត្រឹមតែ ៤លានដុល្លារនៅក្នុងឆ្នាំ១៩៩៤ ឥឡូវទំហំនាំចេញមានដល់ ១២ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដែលចំនួននឹងបន្តកើនឡើងរាប់ទាំងការនាំចេញទៅកាន់ប្រទេសជប៉ុន ទំហំទ្វេទិសដែលមានជាង ១៥០០លានដុល្លារនាពេលបច្ចុប្បន្ន នឹងឈានដល់ ២ពាន់លានដុល្លារក្នុងពេលដ៏ខ្លីខាងមុខ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចផងដែរថា បើទោះបីបច្ចុប្បន្នចំនួនក្រុមហ៊ុន និងអ្នកវិនិយោគជប៉ុននៅកម្ពុជា មានការកើនឡើង តែមិនទាន់សមមូលទៅ នឹងទំហំវិភាគទានដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេស និងប្រជាជនជប៉ុន ដែលបានជួយកសាង និងស្តារប្រទេសកម្ពុជានោះឡើយ។
ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកវិនិយោគជប៉ុន ទៅសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងធានាការពារនូវបរិយាកាសវិនិយោគសព្វបែបយ៉ាង ជូនវិនិយោគិនជប៉ុន ជាពិសេសគឺរក្សាឲ្យបាននូវសន្តិភាព និងស្ថេរភាពនយោបាយ។
សម្តេចតេជោ បានថ្លែងគូសបញ្ជាក់ដូច្នេះ «ខ្ញុំសូមធានាជូននូវបរិស្ថានគ្រប់បែបយ៉ាង ដែលអនុគ្រោះ និងលើកទឹកចិត្ត ជាពិសេសការធានារក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ ក៏ដូចជាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងកិច្ចដំណើរការនៃក្រសួងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដែលជាតំបន់មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅនឹងកំពុងផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ។
សូមរំលឹកថា កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ និងបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៨។ ចាប់តាំងពីមានកិច្ចព្រមព្រៀងជាមួយគ្នារួចមក មានក្រុមហ៊ុនជប៉ុនចំនួន ១២៨ក្រុមហ៊ុន បានមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ដែលមានទុនសរុបប្រមាណ ២ពាន់ ៧២៨លានដុល្លារជាប់ចំណាត់ថ្នាក់ទី៩៕