FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ស្នើឲ្យ ភាគីជប៉ុនសិក្សាជាមួយ អ្នកជំនាញកម្ពុជា អំពីការកែច្នៃសំរាម នៅទីក្រុងភ្នំពេញ។ សម្តេចតេជោ បានបន្តថា ច្បាស់ណាស់ សំរាមគឺជា បញ្ហាចម្បងធំទីពីរ បន្ទាប់ពីបញ្ហាចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមបណ្តាញសង្គម Facebook នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ខណៈសម្តេច និងគណៈប្រតិភូ បានអញ្ជើញទៅទស្សនកិច្ច នៅរោងចក្រកែច្នៃសំរាម SHIN-KOTO INCINERATION PLANT ដែលគ្រប់គ្រងដោយ «អាជ្ញាធរ សម្អាត ទីក្រុងតូក្យូ» និងជិះរថភ្លើងស្វ័យប្រវត្តិ។
អគាររោចក្រកែច្នៃសំរាមរបស់ជប៉ុនមួយនេះ មានកំពស់៦ជាន់ បំពាក់ដោយម៉ាស៊ីន កិនកម្ទេចសំរាម ហើយបែងចែកទៅតាម ប្រភេទសំរាមនីមួយៗ ដែលផលិតចេញជាវត្ថុសម្រាប់ប្រើប្រាស់បានឡើងវិញ។ កាកសំណល់មួយចំនួនគឺយកទៅធ្វើជី និងបម្លែងទៅជាថាមពលអគ្គីសនី សម្រាប់ប្រើប្រាស់ផងដែរ។ កម្ពុជាត្រូវការរោងចក្របែបនេះ ដើម្បីកែច្នៃសំរាម ដែលដឹកចេញទៅគរ នៅជាយក្រុងសព្វថ្ងៃ។
បន្ទាប់ពីបានទស្សនកិច្ច នៅរោងចក្រកែច្នៃសំរាមខាងលើនេះហើយ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបន្តដំណើរទៅជិះរថភ្លើងស្វ័យប្រវត្តិ Yarikamome (គ្មានមនុស្សបើកបរ) ចាប់ពីស្ថានីយ៍តូយ៉ូសឺ ទៅដល់ ស្ថានីយ៍អារីកិ ទីក្រុងតូក្យូ។
សូមរំលឹកថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃនៅប្រទេសជប៉ុន សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានស្នើ ឲ្យរដ្ឋាភិបាលជប៉ុន ជួយគិតគូរ ក្នុងការផ្ដល់ជំនួយជាហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍ លើវិស័យ ដឹកជញ្ជូន ជាពិសេសរៀបចំឲ្យមានរថភ្លើងស្វ័យប្រវត្តិ លើអាកាសបែបនេះ (Sky Train) ដើម្បីកាត់បន្ថយ នូវការចំណាយ របស់ពលរដ្ឋ ព្រមទាំងកាត់បន្ថយ នូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ៕