FN ៖ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នប្រទេសជាតិ កំពុងមានការរីកចម្រើន គ្រប់វិស័យ ដែលទាមទារឲ្យមន្រ្តីនគរបាលចរាចរណ៍ ត្រូវតែខិតខំអភិវឌ្ឍខ្លួនឯងផងដែរ ដើម្បីដើរឲ្យទាន់សភាពការណ៍ពិសេសមត្ថភាព ប្រើប្រាស់បច្ចេកវិទ្យា ក្នុងការសម្រួលការងារប្រចាំថ្ងៃ ដូចជាត្រូវចេះប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន និងបណ្តាញសង្គមមួយចំនួន។
ការថ្លែងរបស់លោកអគ្គស្នងការរងនគរបាលជាតិ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធីបតី បើកវគ្គបំប៉នជំនាញស្តីពីការការពារ អង្កេត ដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ និងការប្រមូលវិភាគទិន្នន័យគ្រោះថ្នាក់ ដែលមានសិក្ខាកាមចំនួន១២០រូប មកពីស្នងការដ្ឋាន នគរបាលរាជធានីខេត្តចំនួន១២ មានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការនគរបាលខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម ខេត្តត្បូងឃុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ក្នុងការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ មន្រ្តីនគរបាលចរាចរណ៍ត្រូវឈរលើ គោលការណ៍យុត្តិធម៌ និងតម្លាភាព ក្នុងស្រាយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈក្នុងការងាររបស់ខ្លួន។
ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន បានបញ្ជាក់ទៀតថា ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ និងចំណេះដឹងបន្ថែមដល់មន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោក អំពីការការពារ អង្កេត ដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ និងការប្រមូលវិភាគទិន្នន័យគ្រោះថ្នាក់ ថ្ងៃនេះនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រៀបចំវគ្គបំប៉នជំនាញនៅពេលនេះ ក្នុងគោលបំណងបំប៉នបន្ថែម ដល់មន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោក ពិសេសផ្នែកដោះស្រាយគ្រោះថ្នាក់ និងសណ្តាប់ធ្នាប់អំពីបច្ចេកទេស ការពារទីកន្លែងកើតហេតុ នីតិវិធីអង្កេតនិង ដោះស្រាយគ្រោះថ្នាក់ វិធីសាស្រ្តប្រមូលនិងវិភាគទិន្នន័យ វិធីសាស្ត្រប្រមូលនិងគ្រប់គ្រងបទល្មើសចរាចរណ៍ ព្រមទាំងចែករំលែកនូវ បទពិសោធន៍ថ្មីៗស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សានិងត្រូវសួរប្រសិន បើមិនច្បាស់លាស់ ត្រង់ចំណុចណាមួយនៃមេរៀន និងត្រូវពាំនាំនូវចំណេះដឹងនេះទៅបង្រៀនបន្តដល់មន្រ្តីផ្សេងទៀតក្នុងអង្គភាព របស់ខ្លួន៕