FN ៖ មិនខុសពីសព្វមួយដង នៅថ្ងៃចុងសប្ដាហ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារជូនប្រជាពលរដ្ឋ ឲ្យជួបសេចក្ដីសុខសប្បាយ និងរីករាយជាមួយក្រុមគ្រួសារ។ ប៉ុន្ដែជាមួយនឹងសារជូនពរនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រាប់ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបានបន្ដឃ្លាំមើលតាមដាន ស្ថានភាពទឹកជំនន់ឲ្យបានច្បាស់លាស់ និងត្រៀមឲ្យបានគ្រប់លក្ខណៈ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ និងប្រាប់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
Facebook ផ្លូវការរបស់សម្ដេចតេជោ បានបង្ហោះនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា «សូមជូនពរបងប្អូនប្រជាពលរដ្ឋបានសុខសប្បាយ និងរីករាយថ្ងៃចុងសប្តាហ៍! ទន្ទឹមនឹងនេះ សូមអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំតាមដានមើល សភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចដើម្បីសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា ហើយគណបក្សប្រជាជនគឺនៅជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់»។
សូមរំលឹកថា លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងបញ្ជាក់ថា ខេត្តចំនួន៧ ដែលរងការវាយប្រហារដោយជំនន់ទឹកភ្លៀង រួមមាន នៅខេត្តព្រះវិហារ, ឧត្តរមានជ័យ កំពង់ធំ កំពត រតនគិរី ត្បូងឃ្មុំ និងខេត្តព្រះសីហនុ ជាដើម ប៉ុន្តែខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាតិគេ គឺខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍ដែលបង្ហាញដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ខេត្តព្រះវិហារ មានផ្ទះប្រជាពលរដ្ឋ ចំនួន៥៣០ខ្នង លិចដីស្រែ៤៨៧៨ហិកតា មានមនុស្សលង់ទឹកស្លាប់២នាក់ និងពលរដ្ឋ៤៨គ្រួសារ ត្រូវបានជម្លៀស ទៅកាន់ទីទួលមាន សុវត្ថិភាព។ ចំណែកឯខេត្តឧត្តរមានជ័យវិញ មានករណីលិចលង់ផ្ទះ ៧០២ខ្នង លិចដីស្រែ ១០៣២ហិកតា ប៉ុន្តែមិនទាន់មានរបាយការណ៍ អំពីពលរដ្ឋរងគ្រោះនៅឡើយទេ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា បន្ទាប់ពីព្យុះទី៨ ឈ្មោះសុនកា បានថយឥទ្ធិពលទៅវិញ ព្យុះទី៩ ឈ្មោះថា «នេសាទ» ដែលកំពុងកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកនោះ នឹងធ្វើប្រទេសកម្ពុជាកើតមានកូនរដូវប្រាំង ជាង១០ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧៕