FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា បានជំរាបជូន សម្តេចតេជោ ហ៊ុន សែន អំពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅកាន់ប្រទេស ជប៉ុននាពេលខាងមុខ។ លោកថាទស្សនកិច្ចនេះ នឹងមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រ ហើយក៏នឹងពិភាក្សាទៅលើការតភ្ជាប់ការអភិវឌ្ឍ វិស័យធនធានមនុស្ស ការសម្រួលចរាចរណ៍ នៅទីក្រុងភ្នំពេញ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងការផ្លាស់ប្តូរ ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន និងការពិភាក្សាអំពីការរៀបចំឲ្យ មានអគ្គកុងស៊ុលជប៉ុននៅ ខេត្តសៀមរាប។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុន នាពេលខាងមុខនេះ គឺចំពេលខួប២៥ឆ្នាំ របស់ជប៉ុនដែលបញ្ជូនក្រុមរក្សាសន្តិភាពមកកាន់កម្ពុជា ហើយក៏ត្រូវនឹងខួប៦០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីជប៉ុនលើកទី១ មកកាន់ប្រទេសកម្ពុជា កាលពីក្នុងឆ្នាំ១៩៥៧។
នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសជប៉ុនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមសិក្ខាសាលាដែល មានការចូលរួមពីអ្នក វិនិយោគទុនជប៉ុនជាច្រើននាក់ផងដែរ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍ចំពោះកម្មវិធី ដែលបាន ដាក់ចេញទាំងនេះ ហើយសម្តេចតេជោ បានស្នើឲ្យភាគីជប៉ុន មានការសម្របសម្រូលបន្ថែមទៀត នៅក្នុងកម្មវិធីនេះក្នុង ករណីមានការផ្លាស់ប្តូរ។
លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានជំរាបជូនសម្តេចតេជោថា នាយករដ្ឋមន្ត្រីជប៉ុន រួមនិងមន្រ្តីជាន់ខ្ពស់ និងប្រជាជនជប៉ុន នឹងរង់ចាំទទួលស្វាគមន៍ សម្តេចតេជោ ដោយកក់ក្តៅចំពោះដំណើរទស្សនកិច្ច របស់សម្តេច ទៅកាន់ប្រទេសជប៉ុនខាងមុខនេះ៕