FN ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ប្រកាសសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥» នាវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធ ដែលបានខិតខំ តាក់តែងខ្លឹមសារក្របខ័ណ្ឌគោល នយោបាយ ជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ត្រូវបានរៀបចំជាមួយគោលនយោបាយចំបង និងពង្រីកចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងដើរនាទីយ៉ាងសំខាន់សម្រាប់សង្គមជាតិរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ការកិច្ចគូរលើការដាក់ចេញនូវគោលនយោបាយគាំពាសង្គមទាំងអស់ ត្រូវមានកញ្ចប់ថវិកា និងការចូលរួមពីភាគីពាក់ព័ន្ធ។
* នៅក្នុងសុន្ទរកថារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គ្របដណ្តប់លើ វិស័យសំខាន់ ចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់រាជរដ្ឋាភិបាល ទៅលើការគាំពារសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេស គឺការផ្តោតការយកចិត្តទុកដាក់ជាចម្បង លើការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។
* សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមជាតិ ឆ្នាំ២០១៦-២០២៥ ផ្តោតសំខាន់ទៅលើការដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេស្ត្រីមានផ្ទៃពោះជាអាទិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំពារស្រ្តីមានផ្ទៃពោះ នឹងចាប់ផ្តើមអនុវត្តមុន នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យមានការយកចិត្តទុកដាក់ចំពោះ បណ្តាញសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យដូចទៅនឹងបណ្តាញសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមជាតិ រាជរដ្ឋាភិបាលនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន៤។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រសុខភាពលើប្រជាពលរដ្ឋងាយរងគ្រោះ ត្រូវបានជំរុញឡើង, កម្មវិធីផ្តល់ការឧបត្ថម្ភដល់ចាស់ជរា ឬជាកម្មវិធី ឧបត្ថម្ភគ្រួសារ ត្រូវបានគិតគូរ នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥។
* សម្តេចតេជោ នាយករដ្ឋមន្រ្តី ស្នើឲ្យក្រសួងសេដ្ឋកិច្ច សហការជាមួយក្រសួងសុខាភិបាល រៀបចំថវិកាសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីធានាដល់សេវាព្យាបាលកុមារដោយមិនគិតថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនមន្ទីរពេទ្យគន្ធាបុប្ជា អត់មានជំនួយពីប្រទេសស្វីស រដ្ឋាភិបាលកម្ពុជាតាមរយៈ ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល នឹងត្រូវចាត់ចែងរៀបចំឲ្យបានល្អដូចគ្នា មិនឲ្យដួលរលំនោះទេ។