FN ៖ របាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៧ នេះកម្ពុជាបាននាំចេញជ័រកៅស៊ូបាន៦៩,៩៨២តោន កើនឡើងបាន៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ទៀតថា ចំណូលបានពីការនាំចេញកៅស៊ូ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មានចំនួន១២៣,៩៥០,៩៦៨ដុល្លារ ដែលតម្លៃជាមធ្យម១,៧៧១ដុល្លារក្នុង១តោន ខណៈរយៈពេលដូចគ្នាឆ្នាំ២០១៦ កម្ពុជានាំចេញកៅស៊ូបានជាង៥ម៉ឺនតោន ទទួលចំណូលបានជាង៥១លានដុល្លារអាមេរិក។
លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ឲ្យដឹងថា តម្លៃកៅស៊ូនៅឆ្នាំនេះ បានហក់ឡើងខ្លាំងរហូតទៅដល់ជាង៧០ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដោយជាមធ្យមតម្លៃកៅស៊ូ លក់បានតម្លៃ១,៧៧១ដុល្លារក្នុងមួយតោន ខណៈដែលឆ្នាំ២០១៦ បានត្រឹមតែប្រមាណ១ពាន់ដុល្លារប៉ុណ្ណោះ។
សូមជម្រាបថា កៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី។ នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៤ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង១៨០លានដុល្លារ។
គិតត្រឹមចុងឆ្នាំ២០១៦ កម្ពុជាមានផ្ទៃដីកៅស៊ូចំនួន ៤៣១,៣៣២ហិកតា ក្នុងនោះផ្ទៃដីចំការកៅស៊ូ កសិឧស្សាហកម្ម ចំនួន២៧៦,៨៧៨ហិកតា ស្មើនឹង៦៤.១៩ភាគរយ និងផ្ទៃដីចំការកៅស៊ូគ្រួសារចំនួន ១៥៤,៤៥៥ហិកតា ស្មើនឹង៣៥.៨១ភាគរយ។ ចំពោះផ្ទៃដីកៅស៊ូជៀរជ័រមានចំនួន ១២៧,២៧២ហិកតា៕