FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបចៅប្រុស ហ៊ឺ ទៀង គីមហុង អាយុ៧ឆ្នាំ និងឪពុក ម្ដាយក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក។ ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិគ្រឹះសម្តេចតេជោផ្ទាល់តែម្តង។
នៅលើ Facebook Page សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ៧ឆ្នាំ មានសមត្ថភាព ធ្វើគណិតវិទ្យាថ្នាក់ទី១២ បានយ៉ាងល្អ។ សម្តេចតេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាងដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ គីមហុង គឺជាធនធានដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កុមារា គីម ហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងកាលពីអាយុជាង២ឆ្នាំ។ អាយុបានពីរឆ្នាំកន្លះ កុមារ គីមហុង ចេះអានសារជូនពរសម្តេចតេជោ ហ៊ុន សែន បានយ៉ាងល្អ។
នៅក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយចៅ គីមហុង សម្តេចតេជោ បានប្រគល់កំព្យូទ័រឲ្យ កុមារប្រើប្រាស់ស្រាវជ្រាវក្នុង Internet និងបានឲ្យចៅស្រីសម្តេច និយាយសន្ទនាជាភាសាអង់គ្លេសជាមួយគ្នាផងដែរ។
សម្តេចតេជោ ក៏បានប្រាប់ឲ្យចៅ គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ចំងាយរកចំនួនប្រវែងគីឡូម៉ែត្រ។ គីមហុង ធ្វើបានយ៉ាងល្អគួរឲ្យ កោតសរសើរ។ ដោយសារកុមារនេះ មានសមត្ថភាពពិសេស គឺសម្តេចតេជោ បានស្នើអាហារូបករណ៍ពិសេសពីសាលា Belti ដល់គីមហុង បានសិក្សាចំណេះដឹងទូទៅ។ គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី៨ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ។
ទន្ទឹមនឹងនេះដែរសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក ដួង តារា ជំនួយការសម្តេចតេជោ នឹងក្រុមគ្រួសារពិភាក្សាគ្នា ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារ គីមហុង។ សម្តេចនាយករដ្ឋមន្រ្តី នឹងទទួលបន្ទុករាល់នូវការចំណាយក្នុងការសិក្សាសម្រាប់កុមារា គីម ហុង ទាំងស្រុង។
បន្ទាប់ពីបានសំណេះសំណាលជាមួយចៅប្រុស ក្រុមគ្រួសារ និងលោកគ្រូរួចមកសម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភកុំព្យូទ័រយួរដៃ១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់០១គ្រឿង សម្រាប់ចៅប្រុសធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះ កុមារា គីមហុង កំពុងរៀននៅសាលាបឋមសិក្សា ហ៊ុន សែន អនុវត្ត ដែលមានទីតាំងនៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ។ ឪពុកម្តាយរបស់កុមារា គីមហុង សព្វថ្ងៃគឺកំពុងរស់នៅទីតាំងខាងលើ នេះផងដែរ៕