FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ បានស្តែងការអបអរសាទរ ដែល «ប្រាសាទសំបូរព្រៃគុក» របស់កម្ពុជា ត្រូវបានចុះបញ្ជីជា សម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលនេះជាមោទភាពថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជាយើង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរពីការអបអរសាទរនេះបង្ហោះក្នុង Facebook ផ្លូវការរបស់សម្តេចថា «នេះជាមោទនភាពជាតិថ្មីមួយទៀត ដែល ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ យប់មិញនេះ»។
សម្តេចសរសេរទៀតថា ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភ័ណ្ឌនេះ ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ដែលប្រារព្ធឡើង នៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័ត បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏សូមអរគុណដល់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងគ្រប់មន្ទីរស្ថាប័នពាក់ព័ន្ឋ រួមជាមួយមន្រ្តី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមខិតខំប្រឹងប្រែង ក្នុងការថែរក្សាការពារអភិរក្ស និងបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកជាស្ថាពរ នៅពីយប់មិញនេះ។
សូមជម្រាបថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។
សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។
បច្ចុប្បន្ន ប្រាសាទទាំងនេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនេះទៀតផង៕