FN ៖ ដោយយោងតាមរបាយការ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសារណៈ ស្តីពីការកឃើញសារធាតុគីមីហាមឃាត់ (Propyl Para Hydroxy Penzoate) ប្រើក្នុងផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំ ប្រេងខ្យងម៉ាក Yuan’s ជាសារធាតុគីមីសម្រាប់ថែរក្សា ផលិតផលឲ្យមានអាយុកាលវែង។ ហេតុនេះដោយមានការណែនាំពី លោកប្រធានសាខាកាំកុងត្រូលផែស្ងួត បានឲ្យមន្រ្តីកាំកុងត្រូលចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ ផ្សារមួយចំនួន កំពុងតាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ ការនាំចូលផលិតផលប្រេងខ្យងម៉ាក Yuan’s ពីក្រៅប្រទេស។
មន្ត្រីកាំកុងត្រូល បានបញ្ជាក់ថា សកម្មភាពឃ្លាំមើលផលិតផលម្សៅទឹកដោះគោ នៅលើទីផ្សារ មន្រី្ដសាខាកាំកុងត្រូលផែស្ងួតបានធ្វើ ការណែនាំផ្សព្វផ្សាយ លើកកម្ពស់ការបំបៅដោះម្តាយចាប់ពី ០ខែដល់ ០៦ខែ ឬ១២ខែ មន្រ្តីបានចុះអនុវត្ត អនុក្រឹត្យលេខ១៣៣ ពាក់ព័ន្ធម្សៅទឹកដោះគោ និងចុះត្រួតពិនិត្យនៅតាមទីតាំងមួយចំនួនក្នុងខណ្ឌទួលគោក។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចេញប្រតិបត្តិការចុះពិនិត្យនៅតាមហាងលក់ទំនិញផ្សេងៗដូចជាហាង ប៊ីប៊ីឃែរ ហាងហាកលី និងផ្សារទួលទំពូង ជាលទ្ធផលបានរកឃើញម្សៅទឹកដោះគោ ពុំគ្មានស្លាកសញ្ញា មួយចំនួន ឲ្យបញ្ជូនទៅក្រុមហ៊ុនវិញ ដើម្បីបំពេញខក្ខខណ្ឌឲ្យបានត្រឹមត្រូវ។
ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់បងប្អូនអាជីវករ ក៏ដូចជាម្ចាសហាងស្តាម៉ាត មេត្តាយកចិត្ត ទុកដាក់ និងពិនិត្យផលិតផលឲ្យបានច្បាស់លាស់មុននឹងដាក់តាំងលក់ឲ្យបងប្អូនប្រជាពលរដ្ឋទិញ យកទៅបរិភោគ ជាពិសេសនោះ ត្រូវចូលរួមសហការជាមួយមន្ត្រីកាំកុងត្រូល បើសិនមានជនណា ឬក៏ក្រុមហ៊ុនណា ហ៊ានបន្លំយកផលិតផលក្លែងក្លាយខូចគុណភាព និងហួសសុពលភាព និងមានជាតិគីមី មកលក់នឹងចែកចាយ សូមរាយការណ៍ ឬទាក់ទងមកមន្ត្រីកាំកុងត្រូលជាបន្ទាន់ដើម្បីងាយស្រួល ការចុះទប់ស្កាត់ហាមឃាត់៕