FN ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងសន្និសីទអន្តរជាតិស្តីពី ទេសចរណ៍បេតិកភណ្ឌ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ម្ចាស់ផ្ទះកម្ពុជា នឹងស្នើសុំដាក់ទីក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌ បន្ទាប់មកនឹងដាក់ចេញសេចក្តីប្រកាសសៀមរាប ស្តីពីការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌ ដើម្បីរំលេចអំពីសារៈសំខាន់ របស់ទេសចរណ៍បេតិកភណ្ឌ។
លោករដ្ឋលេខាធិការ ថ្លែងបែបនេះ ក្នុងនាមតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ី ACD លើកទី២ ដោយមានការចូលរួមមកពីតំបន់អាស៊ី ២២ប្រទេស នៅសណ្ឋាគារសុខា ខេត្តសៀមរាប ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។
លោក ទិត ចន្ថា ឲ្យដឹងថា កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នេះ គឺដើម្បីរៀបចំនូវឯកសារពាក់ព័ន្ធសំខាន់ៗ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ នៅថ្ងៃស្អែកនេះ បន្ទាប់ពីពិធីបើកក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ទីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ACD និងសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ (Conserving and Presenting Urban Heritages)»។
លោកថ្លែងយ៉ាងដូច្នេះថា «យើងក៏មានសន្និសីទអន្តរជាតិ ស្តីអំពីទេសចរណ៍បេតិកភណ្ឌ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនានេះ ហើយបន្ទាប់មកនឹងដាក់ចេញសេចក្តីប្រកាសសៀមរាប ស្តីពីការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌ ដើម្បីរំលេចអំពីសារៈសំខាន់របស់ទេសចរណ៍បេតិកភណ្ឌ ជាមួយគ្នានេះ កម្ពុជាក៏បានស្នើរដាក់ទីក្រុងសំខាន់ៗ ចំនួន៣ គឺក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត ឲ្យទៅជាទីក្រុងបេតិកភណ្ឌ សម្រាប់ការអភិរវឌ្ឍទេសចរណ៍បេតិកភណ្ឌ»។
បើតាមលោក ទិត ចន្ថា តាមរយៈកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ និងសន្និសីទអន្តរជាតិខាងលើនេះ គឺជាឱកាសជំរុញឲ្យអន្តរជាតិមើលឃើញថា កម្ពុជាជាប្រទេសមានសក្តានុពល ផ្នែកវប្បធម៌បេតិកភណ្ឌខ្លាំង ក្នុងការទាក់ទាញទាំងទេសចរ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ មកចូលរួមអភិរក្សថែរក្សាបេតិកភណ្ឌ និងធនធានវប្បធម៌ផងដែរ ដូចជា អង្គការ UNWTO, UNESCO, PATA រួមទាំងអង្គការពាក់ព័ន្ធជាច្រើនទៀត។
កត្តាទាំងនេះ កើតចេញដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ទើបធ្វើឲ្យទេសចរមានការកើនឡើងរហូត ជាមួយនឹងកំណើននៃចំនួនទេសចរអន្តរជាតិ នៅលើសកលលោកចំនួន ១,២៣៥លាននាក់ ក្នុងកំណើន ៣.៩% នៅឆ្នាំ២០១៦ ដែលក្នុងនោះទេសចរតំបន់អាស៊ីប៉ាស៊ីហ្វិកទទួលបាន ៣០៣លាននាក់ ក្នុងកំណើន ៨.៤% កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥លាននាក់ ក្នុងកំណើន ៥%។ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១.៥លាននាក់ ក្នុងកំណើន ១២%។ តាមការរំពឹងទុកនៅឆ្នាំ២០១៧ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៤លាននាក់ និង៧លាននាក់ នៅឆ្នាំ២០២០៕