FN ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធី ប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ឆ្នាំនេះកាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជននានាសរុបចំនួនជាង ១៣លាន៤សែនដុល្លារសហរដ្ឋអាមេរិកខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាដែលកាកបាទក្រហមប្រមូលបានកាលពីឆ្នាំទៅ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ គ្រោះរាំងស្ងួត តាមរយៈការចែកទឹក និងជីកអណ្តូងទឹកជូនប្រជាពលរដ្ឋ។
* ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់កាកបាទក្រហមកម្ពុជា ដែលបានចូលរួម ចំណែកយ៉ាងសស្រាក់សស្រាំក្នុងការជួយដល់ប្រជាពលរដ្ឋ និងជួយរំលែកទុកលំបាករបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទ «កាកបាទក្រហមមាននៅគ្រប់ទីកន្លែង និងមានគ្រប់ៗគ្នា» ដែលដាក់ចេញដោយ កាកបាទក្រហមកម្ពុជា គឺជាប្រធានបទមួយដ៏ត្រឹមត្រូវ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង រួមគ្នាចរចាដើម្បីបញ្ចៀសនូវការផ្ទុះសង្រ្គាម និងគំរាមកំហែងដល់ពិភពលោក និងក៏ដូចជាប្រទេសនៅក្នុងតំបន់។
* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់សម្បុរសជននានា ដែលបានចូលរួមចំណែកបរិច្ចាគថវិកាជួយដល់កាកបាទក្រហម ហើយថវិកានេះ បានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពជួយដល់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់សប្បុរសជនបន្តសកម្មភាពបរិច្ចាគថវិកា ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេង។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កាកបាទក្រហមបានប្រើប្រាស់កម្លាំងប្រកបដោយប្រសិទ្ធភាព ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ហើយសម្តេចលើកទឹកចិត្តឲ្យកាកបាទក្រហមបន្តសកម្មភាពនេះបន្តទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប៉ុន្មានថ្ងៃមុននេះ សម្តេចទទួលបានលិខិតពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមស្វែងរកជំនួយ ជួយដល់ប្រទេសយេម៉ែន ដែលកំពុងជួបវិបត្តិដោយសារភ្លើងសង្រ្គាម។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ដល់លោក Macron ដែលទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាកបាទក្រហមនៅតែបន្តជួយដល់មន្ទីរពេទ្យគន្ធាបុប្ជា បើទោះបីលោក Beat Richner បានលាលែងចេញពីតំណែងក៏ដោយ។ មិនទុកឲ្យមន្ទីរពេទ្យគន្ធបុប្ផាដួលរលំនោះទេ។ សម្តេចអំពាវនាវឲ្យសម្បុរសជនបន្តគាំទ្រ ដល់មន្ទីរពេទ្យមនុស្សធម៌មួយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរប្រធានាធិបតីថ្មីរបស់ប្រទេសបារាំង លោក ម៉ាក្រុន។ សម្តេចតេជោសង្ឃឹមថា ទំនាក់ទំនងកម្ពុជា និងបារាំងនៅតែល្អប្រសើរ បើទោះបីប្រធានាធិបតីបារាំងនោះ កើតចេញពីគណបក្សនយោបាយណាមួយក៏ដោយ។
* សម្តេចតេជោ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបង្ហាញក្តីបារម្មណ៍ និងជូនពរសម្តេចក្នុងពេលសម្តេចសម្រាកព្យាបាលជំងឺនៅប្រទេសសិង្ហបុរី។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅនឹងការប្រមាថអាយុជីវិតសម្តេចផងដែរ សម្តេចថ្លែងថា កុំសង្ឃឹមការបន់ស្រន់ទេវតាឲ្យមកអាយុជីវិតសម្តេចនោះ ព្រោះទេវតាបានកំណត់ឲ្យសម្តេចមកឈរទៅនេះ ហើយបាននាំមកនូវសុខសន្តិភាព និងផ្តល់ឱកាសរស់រៀនមានជីវិតដល់អ្នកប្រមាថសម្តេច ព្រមទាំងជីដូន ជីតារបស់ពួកគេផងដែរ។ សម្តេចតេជោថា អ្នកដែលប្រមាថសម្តេច នឹងក្លាយជាបណ្តាសាសម្រាប់ខ្លួនឯងទៅវិញទេ។