FN ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានថ្លែងបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីន ដែលទើបបញ្ចប់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងប្រមុខដឹកនាំ នៃបណ្តាប្រទេសអាស៊ានទាំង១០ បានបង្ហាញនូវការយកចិត្តទុកដាក់ លើបញ្ហានុយក្លែអ៊ែរនៅក្នុងតំបន់ និងពិភពលោក ដោយប្រមុខរាជរដ្ឋាភិបាលអាស៊ានទាំងអស់ បានប្តេជ្ញាចិត្តជាថ្មី ធ្វើយ៉ាងណារក្សាឲ្យតំបន់អាស៊ីអាគ្នេយ៍ មិនមានអាវុធនុយក្លែអ៊ែរ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ស្តីពីលទ្ធនៃកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បន្ទាប់ពីធ្វើមាតុភូមិនិវត្តមកកាន់មកកម្ពុជាវិញនោះ លោក កៅ គឹម ហួន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រមុខរាជរដ្ឋាភិបាលអាស៊ាន បានយកចិត្តទុកដាក់ចំពោះ បញ្ហានុយក្លែអ៊ែរនៅក្នុងពិភពលោក និងនៅក្នុងតំបន់ ជាពិសេសដោយសារអាស៊ានមានសន្ធិសញ្ញា ស្តីពីតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លែអ៊ែរ ក្នុងន័យនេះគឺប្រមុខរាជរដ្ឋាភិបាលអាស៊ាន បានឆ្លុះបញ្ចាំង សារជាថ្មីម្តងទៀត ពីឆន្ទះរបស់មេដឹកនាំអាស៊ាន ធ្វើយ៉ាងណារក្សាឲ្យតំបន់អាស៊ីអាគ្នេយ៍នេះ មិនមានអាវុធនុយក្លែអ៊ែរ ហើយជំរុញការអនុវត្តន៍ទៅតាម ក្រមខណ្ឌធម្មនុញ្ញអាស៊ាន»។
បច្ចុប្បន្នបញ្ហានុយក្លែអ៊ែរ កំពុងត្រូវបានបង្កក្តីបារម្ភចំពោះពិភពលោក ដោយសារតែមេដឹកនាំប្រទេសកូរ៉េជើង លោក គីម ជុងអ៊ុន តែងតែកំញើញ និងបាញ់សាកល្បងម៉ីស៊ីលរបស់ខ្លួនជារឿយៗ។
លោក កៅ គឹមហួន បន្តយ៉ាងដូច្នេះថា «ប្រមុខរាជរដ្ឋាភិបាលអាស៊ាន មានការបារម្ភជាខ្លាំងចំពោះស្ថានភាពនៅឧបទ្វីបកូរ៉េ។ ជាពិសេសប្រធានាធិបតី ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានគូសបញ្ជាក់ថា អ្នកដែលអាចដើរតួនាទីសំខាន់ ដើម្បីរកដំណោះស្រាយនៅឧបទ្វីបកូរ៉េនេះ មានតែប្រទេសចិននោះទេ»។
បើតាមការបញ្ជាក់របស់ លោក កៅ គឹមហួន កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០នេះ ផ្តោតទៅលើមូលបទ «រួមគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែក ជាមួយពិភពលោក» ដែលជាលទ្ធផលនៃកិច្ចប្រជុំនេះបានចេញនូវឯកសារចំនួន៣ប្រភេទ៖ ទី១៖ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍ អាស៊ានស្តីពីតួនាទីរបស់មុខងារសាធារណៈ ជាកាតាលីករ ដើម្បីឈានទៅសម្រេចបាននៅចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ ដែលជាឯកសារដ៏សំខាន់ ធ្វើយ៉ាងណាឲ្យមានស្តង់ដារ លក្ខណៈអាជីព សមត្ថភាពនៃមន្ត្រីស៉ីវិលលើបណ្តា វិស័យផ្សេងៗនៅក្នុងអាស៊ាន។ ទី២៖ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន បានអនុម័តទៅលើឯកសារ ស្តីពីលិខិតតូបករអាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករ ទេសន្តប្រវេសន៍ ដើម្បីការពារប្រជាពលរដ្ឋដែលធ្វើការនៅក្រៅប្រទេស។ ទី៣៖ ប្រមុខរាជរដ្ឋភិបាលអាស៊ាន បានកត់សម្គាល់នៃរបាយការណ៍ របស់អគ្គលេខាធិការអាស៊ាន ស្តីពីការងារនៃអាស៊ាន ដែលជារបាយការណ៍ប្រចាំឆ្នាំ។