FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតផ្លូវការមួយអបអរសាទរ «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់» នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។
នៅក្នុងលិខិតផ្លូវការនោះ បានបញ្ជាក់ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារាជរដ្ឋាភិបាល សម្តេចតេជោ សូមសំដែងការ អបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកដែលបានប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «បញ្ចប់ជំងឺគ្រុនចាញ់ អភិវឌ្ឍសងគមន៍» ក្នុងគោលបំណងជំរុញ និងបំផុស ការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម សំដៅរួមចំណែកដល់ការ ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងគ្រប់សកម្មភាពទាំងអស់ ដែលបានកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ និងយល់ដឹងកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទដើម្បីផ្លាស់ប្តូរ ផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋក្នុងការប្រតិបត្តិ នៃការរស់នៅមានអនាម័យល្អ និងការចេះការពារការចម្លងជំងឺគ្រុនចាញ់ផងដែរ៕