FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) សរុប១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៧, ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៥, ថ្នាក់អនុបណ្ឌិតជំនាន់ទី៩ ថ្នាក់បណ្ឌិតជំនាន់ទី១ និងទី២។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាថ្ងៃដំបូងនៅក្នុងឆ្នាំថ្មីឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលសម្តេចបានអញ្ជើញមកចែកសញ្ញាបត្រដល់និស្សិត។ សម្តេចតេជោ ហ៊ុន សែន បានហៅការចែកសញ្ញាបត្រថ្ងៃនេះ មិនមែនជាការចៃដន្យនោះឡើយ តែជាវឌ្ឍនភាពដ៏ធំមួយសម្រាប់ការអប់រំ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលបានលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមក្នុងការបណ្តុះបណ្តាល។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីមានជនបរទេសជាច្រើន ដូចជាអាមេរិក កូរ៉េ ចិន ឡាវ និងវៀតណាម កំពុងបន្តការសិក្សាកម្រិតបិរញ្ញាបត្រ ដល់បណ្ឌិតនៅសាកលវិទ្យាល័យអាស៊ីអឹរ៉ុប។ សម្តេចថ្លែងថា កម្ពុជា ក៏មានលទ្ធភាពបណ្តុះបណ្តាលជនបរទេស នេះជាមោទនភាពមួយរបស់កម្ពុជា ដែលបានងើបឡើងចេញគំនរផេះផង់នៃភ្លើងសង្រ្គាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចមិនប្រាកដថា អាចមានជីវិតដល់ឆ្នាំ២០៥០យ៉ាងណាក្តី តែត្រូវតែរៀបចំផែនទីចង្អុលផ្លូវមួយសម្រាប់អនាគត។ សម្តេចក៏បានថ្លែងរំលឹកផងដែរថា អ្វីដែលកម្ពុជាសម្រេចបានទាំងអតីតកាល និងពេលបច្ចុប្បន្ន មិនមែនកើតឡើងដោយគ្មានការគិតគូរនោះទេ តែបានកើតឡើងដោយ មានការដាក់ចេញនូវគោលនយោបាយយ៉ាងជាក់លាក់។ សម្តេចស្នើកុំឲ្យមានការប្រមាថនូវអ្វី ដែលកម្ពុជាសម្រេចបាន ព្រោះវាមិនមែនជារឿងងាយស្រួល ហើយក៏មិនមែនជាការកើតឡើងដោយចៃដន្យនោះឡើយ តែរាជរដ្ឋាភិបាលមានផែនទីចង្អុលផ្លូវមួយយ៉ាងច្បាស់លាស់។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ការដាក់ចេញនូវគោលនយោបាយនីមួយៗមិនមែនជាការលេងសើចឡើយ។ សម្តេចតេជោថា ទាំងគោលនយោបាយអប់រំ និងគោលនយោបាយលើវិស័យសុខាភិបាល ត្រូវបានដាក់ចេញដោយការពិនិត្យយ៉ាងល្អិតល្អន់ អមដោយការធ្វើសកម្មភាពព្រមៗគ្នាពីអ្នកពាក់ព័ន្ធ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមិនមែនលេងសើចដូចអ្នកអត្ថាធិប្បាយមួយចំនួន ដែលមិនបានសិក្សា និងពិនិត្យពីសកម្មភាពរបស់រាជរដ្ឋាភិបាលនោះឡើយ។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ បានថ្លែងរិះគន់ដល់អ្នកធ្វើអត្ថាធិប្បាយរបស់អ្នកទាំងនោះថា គឺជារឿងមួយដ៏ខ្មាសអៀន។ សម្តេចតេជោ ក៏អំពាវនាវដល់និស្សិតទាំងអស់ ឲ្យពិចារណាឲ្យបានច្បាស់លាស់ ដោយមិនត្រូវសម្រេចចិត្តតាមការអត្ថាធិប្បាយ និងការលើកឡើងណាមួយដោយគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរដល់និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ ព្រោះជាជោគជ័យមួយកើតចេញពីការខិតខំប្រឹងប្រែងរបស់និស្សិតនីមួយៗ។ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា ការទទួលបានជោគជ័យលើការសិក្សានេះ គឺបានកើតចេញពីកិច្ចខិតខំរបស់ខ្លួនផ្ទាល់ និងក្រុមគ្រួសារផ្ទាល់។ សម្តេចបានគូសបញ្ជាក់ថា ការសិក្សាមិនមែនជាការងាយស្រួល ដូចការប្តូរឈាម និងសរីរាង្គកាយមួយចំនួនរបស់មនុស្សនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីរត់តាមឲ្យនូវការវិវឌ្ឍន៍របស់ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចនាយករដ្ឋមន្រ្តី បានជំរុញឲ្យនិស្សិតរៀបចំ ហើយមិនទាន់មានការងារធ្វើត្រូវប្រឹងប្រែងស្វែងរកការងារធ្វើ។ ពាក់ព័ន្ធនឹងការស្វែងរកការងារនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកនិស្សិតថា មានតែប្រទេសមានសន្តិភាពទេ ទើបផ្តល់ឱកាសឲ្យនិស្សិតអាចស្វែងរកការងារធ្វើបាន គ្មានប្រទេសមានសង្រ្គាមណាមួយ អាចផ្តល់ឱកាសឲ្យស្វែងរកការងារធ្វើបាននោះឡើយ។
* ក្នុងខួប៤២ឆ្នាំ នៃការទទួលជ័យជម្នះរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ជាសោកនាដកម្មមួយរបស់ប្រជាពលរដ្ឋ ដែលផ្តើមចេញពីការធ្វើរដ្ឋប្រហាររបស់លោក លន់ នល់ កាលពីថ្ងៃទី១៨ មីនា ១៩៧០។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា សម្តេចពិតជាមានមោទនភាព ដែល៤២ឆ្នាំក្រោយ នៃរបបខ្មែរក្រហម បានធ្វើឲ្យប្រជាពលរដ្ឋអាចដើរលេងកម្សាន្ត យ៉ាងសប្បាយ រីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលទើបបញ្ចប់ទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ដែលបានជួយ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្កបរិយាកាសឲ្យប្រជាពលរដ្ឋបានលេងសប្បាយរីករាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្រ្កាន្តឆ្នាំថ្មីមានច្រើនកន្លែង មិនមែនមានតែខេត្តសៀមរាបនោះទេ ហើយសម្តេចសង្ឃឹមថា នៅឆ្នាំក្រោយសង្រ្កាន្តអបអរសាទរឆ្នាំថ្មី នឹងមាននៅគ្រប់ខេត្តទាំងអស់។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា សង្រ្កាន្តនេះ អាចធ្វើនៅតាមភូមិ ក៏បាន។
* សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងរិះគន់ដល់អ្នកតំណាងរាស្រ្តមួយរូប ដែលបានរិះគន់លើការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តអបអរសាទរឆ្នាំថ្មី។ សម្តេចបានហៅការលើកឡើងនោះថា ជាការលើកឡើងទាំងមិនបានយល់ច្បាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរលេងកម្សាន្តឆ្ពោះពីខេត្តមួយ ទៅខេត្តមួយយ៉ាងងាយស្រួល។ សម្តេចតេជោបានថ្លែងថា នៅសល់តែផ្លូវមួយខ្សែទៀតប៉ុណ្ណោះ នឹងធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរបានទៅគ្រប់ខេត្តទាំងអស់។ ផ្លូវមួយខ្សែនោះ គឺផ្លូវភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង កាត់តាមថ្មដា ខេត្តពោធិ៍សាត់ ឆ្ពោះទៅខេត្តកោះកុង។
* សម្តេចនាយករដ្ឋមន្រ្តីថា ការធ្វើដំណើរដោយសេរី និងការលេងកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋនេះហើយ ទើបជាសិទ្ធិសេរីភាពពិតប្រាកដ។ សម្តេចតេជោ បានចោទសួរថា កាលពី ៤២ឆ្នាំមុន តើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស្ថិតនៅទីណា?
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យរួមគ្នាថែរក្សានូវសុខសន្តិភាព និងសមិទ្ធផលទាំងអស់កម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ បានថ្លែងរំពឹងថា អ្នកនយោបាយ និងអ្នកអត្ថាធិប្បាយយល់ច្បាស់ពីនយោបាយក្នុង និងក្រៅប្រទេស ដែលជាការគាំទ្រគ្នាទៅវិញទៅមក។ សម្តេចតេជោ បានថ្លែងថា កម្ពុជា កំពុងបង្វែរគោលនយោបាយទៅក្រៅប្រទេស តាមរយៈការពង្រីកទីផ្សារថ្មី រក្សាទីផ្សារចាស់ ដើម្បីផលិតផលរបស់ខ្មែរ ដែលជាការរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើទៅដល់ពលករ និងក្រុមគ្រួសារពលករនៅកូរ៉េខាងត្បូង កុំព្រួយបារម្ភពីស្ថានភាពនៅឧបទ្វីបកូរ៉េ, សង្រ្គាមមិនអាចផ្ទុះឡើងនោះឡើយ
* សម្តេចរំលឹកថា កាលពីឆ្នាំ២០១៤ មានតិះទៀនថា សម្តេចមិនបានគិតគូរពីការជម្លៀសពលករខ្មែរនោះកូរ៉េ។
* សម្តេចបានចោទសួរថា តើគួរជម្លៀស ឬមិនជម្លៀស? សម្តេចថ្លែងថា គ្មានហេតុផលណាត្រូវជម្លៀសពលករនោះឡើយ ព្រោះសង្រ្គាមមិនបានកើតឡើងឡើយ ហើយមធ្យោបាយជម្លៀសមានការពិបាកខ្លាំង ពោលការជម្លៀសអាចធ្វើបានតែតាមផ្លូវទឹក និងផ្លូវអាកាសតែប៉ុណ្ណោះ ព្រោះគ្មានផ្លូវគោកនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មធ្យោបាយជម្លៀសមិនមែនជាជម្រើសល្អនោះឡើយ។ សម្តេចនាយករដ្ឋមន្រ្តីថា ការជ្រើសយកមធ្យោបាយរស់នៅជាមួយប្រជាពលរដ្ឋកូរ៉េខាងត្បូង ជាមធ្យោបាយមួយដ៏ល្អ។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងគូសបញ្ជាក់ទៀតថា ប្រសិនបើមានការជម្លៀសមែននោះ មិនចាំបាច់ទៅស្វែងរកទីផ្សារការងារនៅកូរ៉េខាងត្បូងទៀតនោះទេ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា រាល់ពេលសម្តេចជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូង សម្តេចតែងស្នើសុំឱកាសការងារសម្រាប់ពលរដ្ឋខ្មែរ។ សម្តេចបានថ្លែងថា ទីផ្សារការងារនៅកូរ៉េមិនមែនមានតែខ្មែរនោះទេ ប្រទេសសមាជិកអាស៊ានមួយចំនួនទៀត ក៏មានប្រជាពលរដ្ឋធ្វើការនៅទីនោះផងដែរ។
* សម្តេចនាយករដ្ឋមន្រ្តី បានអះអាងប្រាប់ពលករខ្មែរថា លទ្ធភាពនៃការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ មានកម្រិតទៀបបំផុត ពោលគឺមិនអាចផ្ទុះឡើងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីៗមិនអាចបញ្ចប់ត្រឹមការវាយកូរ៉េខាងជើងនោះឡើយ អាមេរិកអាចខូចខាតតិចតួច តែផលប៉ះពាល់ និងភាពខ្ទេចខ្ទាំខ្លាំងនោះគឺ កូរ៉េខាងត្បូង និងប្រទេសជប៉ុន។
* សម្តេចតេជោ ហ៊ុន សែន គាំទ្រឲ្យមានការស្រាវជ្រាវជាក់លាក់មួយលើរឿងគ្រាប់បែកគីមីនៅប្រទេសស៊ីរី ក្នុងឋានៈកម្ពុជា ជាសមាជិករបស់អង្គការសហប្រជាជាតិ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល នៅតែទទូចឲ្យមានការអត់ធ្មត់លើបញ្ហានៅឧបទ្វីបកូរ៉េ តាមរយៈការបើកកិច្ចចរចា៦ភាគីឡើងវិញ ឬតាមវិធីដទៃទៀត ដែលប្រកបដោយសន្តិវិធី។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកូរ៉េខាងត្បូង បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ សម្តេចបានផ្តាំផ្ញើដល់ពលករ និងអាណាព្យាបាលពលករនៅកូរ៉េខាងត្បូង កុំមានការព្រួយបារម្ភចំពោះស្ថានភាពនៅឧបទ្វីបកូរ៉េ។
* សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា កាលពីឆ្នាំ២០១៤ ព្រោះបញ្ហានៅឧបទ្វីបកូរ៉េនេះ កូរ៉េខាងជើងបានស្នើឲ្យកម្ពុជា រើស្ថានទូតខ្មែរចេញ តែត្រូវបានសម្តេចបដិសេធមិនឲ្យរើចេញនោះឡើយ។ សម្តេចតេជោ ក៏បានបានបង្ហាញពីការសម្រេចចិត្តរបស់សម្តេចមួយចំនួន ទៀតចំពោះការជម្លៀសប្រជាពលរដ្ឋនៅឯបរទេស ដូចជានៅជប៉ុន ក្នុងពេលជួបគ្រោះរញ្ជួយដីជាដើម។