FN ៖ កម្ពុជា និងកូរ៉េខាងត្បូង បានបើកសម្ពោធដាក់ឱ្យដំណើរការ នូវមណ្ឌលស្នាក់នៅបណ្តោះអាសន្នថ្មីមួយ ស្ថិតនៅទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ កាលពីល្ងាចម្សិលមិញ។ មណ្ឌលនេះ គឺជាកន្លែងបណ្តោះអាសន្នសម្រាប់ពលករខ្មែរ ដែលទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការអះអាងរបស លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ពិធីសម្ពោធផ្ទះស្នាក់នៅបណ្តោះអាសន្ន នៅថ្ងៃទី១៧ មេសា បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង ដោយមានការចូលរួមពី លោក គីម វ៉ន អភិបាលរងខេត្តខ្យង់គីដូរបស់កូរ៉េ, លោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស, លោក គឹម ហេសរ ប្រធានអង្គការអភិវឌ្ឍន៍ធនធានមនុស្សក្រុងគឹមហេរ និងសមត្ថកិច្ចទទួលបន្ទុកពលករបរទេសប្រចាំទីក្រុង អឺចុងប៊ូ ព្រមទាំងមានពលករកម្ពុជាជាច្រើននាក់ទៀត។
តាមរបាយការណ៍របស់ លោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស បានឱ្យដឹងថា ការរៀបចំឱ្យមានផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជានេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ពលករកម្ពុជា ដែលបានផ្លាស់ប្តូរកន្លែងការងារពីកន្លែងផ្សេងមកកាន់ទីនេះ អាចស្នាក់នៅដើម្បីស្វែងរកការងារធ្វើបន្តទៀត។ ផ្ទះស្នាក់នៅនេះ មានបន្ទប់គេង ចង្រ្កានបាយ បន្ទប់ទឹក និងបំពាក់នូវសម្ភារៈមួយចំនួនផងដែរ។ ទន្ទឹមនឹងការស្នាក់នៅនេះ មជ្ឈមណ្ឌលគាំពាពលកររបស់លោក បានផ្តល់សេវាក្នុងការស្វែងរកការងារធ្វើ និងការផ្សព្វផ្សាយពីសកម្មភាពផ្សេងៗ ដល់ពលករក្នុងពេលដែលកំពុងស្នាក់នៅផងដែរ។
រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលដែលបាន រៀបចំឱ្យមានផ្ទះស្នាក់នៅ បណ្តោះអាសន្នសម្រាប់ពលករកម្ពុជា ដែលជាគម្រោងមួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងកូនប្រុសច្បងរបស់សម្តេច គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត បានគាំទ្រ។
លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ផ្ទះស្នាក់នៅបណ្តោះអាសន្ននេះ ត្រូវបានរៀបចំចំនួន ៥ កន្លែងមកហើយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមាននៅទីក្រុងអានសាន ទីក្រុងស៊ូវុន ទីក្រុងគីមហេរ ទីក្រុងក្វាងជូរធំ និងទីក្រុងអឺចុងប៊ូ ដែលនឹងត្រូវបានសម្ពោធនាពេលនេះ។
លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតនូវទំនាក់ទំនងនេះ ដើម្បីបង្កឱកាសការងារដល់ ប្រជាពលរដ្ឋកម្ពុជា បានមកធ្វើការនៅកូរ៉េ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់ សម្រាប់ជួយដល់ក្រុមគ្រួសាររបស់ខ្លួន សំដៅធ្វើឱ្យភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាមានការថយចុះជាលំដាប់។ តាមរយៈទំនាក់ទំនងនេៈ រដ្ឋាភិបាលកូរ៉េ បានផ្តល់ឱកាសដល់កម្ពុជាក្នុងការជ្រើសរើសពលករកម្ពុជាមកស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ តាមប្រព័ន្ធជ្រើសរើសពលករបរទេស EPS ដែលជាប្រព័ន្ធមួយមានភាពច្បាស់លាស់ និងស្របច្បាប់ ហើយទាមទារឱ្យពលករដែលមាន បំណងមកធ្វើការនៅកូរ៉េ ត្រូវខិតខំដោយខ្លួនឯង ក្នុងការរៀនភាសា ទំនៀមទំលាប់រស់នៅ ការយល់ដឹងពីច្បាប់របស់កូរ៉េ ការប្រឡងតេស្តសមត្ថភាព និងការជ្រើសរើសដោយនិយោជកនៅកូរ៉េ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការគិតគូរដល់ពលករកម្ពុជា ដោយយើងមានស្ថានឯកអគ្គរាជទូតកម្ពុជា និងទីប្រឹក្សាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រចាំនៅកូរ៉េ សម្រាប់ជួយដោះស្រាយនូវបញ្ហាប្រឈមនានា ព្រមទាំងផ្តល់នូវភាពងាយស្រួលដល់បងប្អូនពលករកម្ពុជាយើងដូចជា៖ ការពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃតាមរយៈប្រៃសណីយ៍ ការចុះពន្យាសុពលភាពលិខិតឆ្លងដែន នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យ តាមតំបន់ដែលមានកម្មករស្នាក់នៅ ការកាត់បន្ថយលក្ខខណ្ឌផ្សេងៗដើម្បីឱ្យពលករយើងទទួលបានឯកសារស្របច្បាប់រួមមាន ការពន្យាលិខិតឆ្លងដែន ការបកប្រែប័ណ្ណបើកបរ ការបូជាសព និងការទាមទារប្រាក់ធានារ៉ាប់រងជូនគ្រួសារសពជាដើម។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានផ្តាំផ្ញើដល់បងប្អូនពលករកម្ពុជាទាំងអស់ ដែលស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ននេះ សូមរក្សាសណ្តាប់ធ្នាប់ និងភាពស្ងាត់ស្ងៀមជៀសវាងការរំខានដល់អ្នកដទៃ និងអំពាវនាវដល់ពលករកម្ពុជា ដែលធ្វើការនៅកូរ៉េទាំងអស់ សូមរស់នៅ និងខិតខំធ្វើការប្រកបដោយសុវត្តិភាព គោរពច្បាប់របស់កូរ៉េ និងត្រូវចេះស្រឡាញ់រាប់អានគ្នា ជួយយកអាសារគាទៅវិញទៅមក ចាត់ទុកគ្នាដូចជាបងប្អូនក្នុងគ្រួសារតែមួយ ព្រមទាំងខិតខំរៀនសូត្រ និងយកចិត្តទុកដាក់ទៅលើការងារនោះ ដើម្បីមានជំនាញច្បាស់លាស់ ដែលអាចធ្វើអោយបងប្អូនអាចរកការងារធ្វើបានគ្រប់ទីកន្លែង៕