FN ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីផ្សព្វផ្សាយសៀវភៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលមានចំណងជើងថា «ស៊ី ជិនពីង៖ អភិបាលកិច្ចប្រទេសចិន» ដែលត្រូវបានបកប្រែជាភាសាខ្មែរ។
ពិធីផ្សព្វផ្សាយសៀវភៅ របស់លោកប្រធានាធិបតីចិន ត្រូវបានធ្វើឡើងដោយមានកិច្ចសហការ វាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវិទ្យាស្ថានខុងជឺ។ ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមជា អធិបតីផងដែរពីលោក JIANG Jianguo រដ្ឋមន្រ្តី ក្រុមប្រឹក្សាព័ត៌មានរបស់ចិន។
សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន៧៩ អត្ថបទរបស់លោកស៊ី ជិនពីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម។ បច្ចុប្បន្នសៀវភៅនេះ បានបកប្រែជា១៦ភាសា ព្រមទាំងបោះពុម្ពផ្សាយបានចំនួន៦លាន ២សែនក្បាលនៅលើសាកលលោកទាំងមូល។ ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗ អំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ សុបិននិងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សៀវភៅនេះ បានចូលរួមចំណែកផ្តល់នូវចំណេះដឹងលើអភិបាលកិច្ចបន្ថែមទៀតនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិននៅតែដើរតួយ៉ាងសំខាន់លើវិស័យពាណិជ្ជកម្មនៅកម្ពុជា និងនៅលើពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បន្តថា ចិន គឺជាជន្ទល់ដ៏សំខាន់សម្រាប់ការងើបឡើងវិញនូវពាណិជ្ជ សេដ្ឋកិច្ចទាំងក្នុងតំបន់ និងលើពិភពលោក។ ជាពិសេសការរក្សាបាននូវស្ថេរភាពនយោបាយនៅក្នុងតំបន់ និងពិភពលោកផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទំនាក់ទំនងកម្ពុជា-ចិន មានអាយុកាលមិនតិចជាង ២០០០ឆ្នាំនោះទេ ពោលគឺចាប់តាំងសម័យហ្វណនមកម្ល៉េះ។
* សម្តេចតេជោ បន្តថា ឈរលើមូលដ្ឋាននេះ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា កាន់តែល្អប្រសើរ និងរីកចម្រើនជាបន្តបន្ទាប់។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលបានផ្តើមឡើងចាប់តាំងពីឆ្នាំ២០១០ បានធ្វើឲ្យប្រទេសទាំងពីរទទួលបាន ផលប្រយោជន៍កាន់តែច្រើន។
* សម្តេចតេជោ បានថ្លែងថា ចិន នៅតែជាប្រទេស ដែលបានវិនិយោគធំជាងនៅកម្ពុជា ដោយឆ្នាំ២០១៦ ការវិនិយោគរបស់ចិន បានកើនឡើងដល់ ៥១០០លានដុល្លារអាមេរិក។
* សម្តេចនាយករដ្ឋមន្រ្តីថា សៀវភៅរបស់លោក ស៊ី ជិនពីង បានឆ្លុះបញ្ចាំង និងប្រមូលគំនិតសំខាន់ៗជាច្រើនក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យយកសៀវភៅរបស់ ស៊ី ជិនពីង ទៅអាន ដើម្បីដកស្រង់នូវខ្លឹមសារ និងយុទ្ធសាស្រ្តល្អៗ ធ្វើជាពិសោធន៍ក្នុងការដឹកនាំរបស់ខ្លួន។