FN ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ៣៦.៨លានអឺរ៉ូ (ប្រហែលជិត៤០លានដុល្លារ) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ ២០១៨ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ការសន្យាផ្តល់ជំនួយរបស់ រដ្ឋាភិបាលអាល្លឺម៉ង់នេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ជាលទ្ធផលភាគីទាំង២ បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍លើវិស័យអាទិភាពចំនួន៣ គឺ វិស័យសុខាភិបាល វិស័យអភិវឌ្ឍន៍ជនបទ និងវិស័យអភិបាលកិច្ច ដែលជាវិស័យអាទិភាពដូចមានចែង ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ឆ្នាំ ២០១៧-២០១៨ ភាគីអាល្លឺម៉ង់បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣៦.៨លានអឺរ៉ូ ក្នុងនោះ១៦លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និង ២០.៨លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស»។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ការសន្យាផ្តល់ជំនួយរបស់អាល្លឺម៉ង់នេះ សម្រាប់យកមកអនុវត្តគម្រោង និងកម្មវិធីរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រស្តី ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អឺរ៉ុប សម្រាប់ប្រទេសកម្ពុជា។ ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលហិរញ្ញប្បទានដែលអាល្លឺម៉ង់បានផ្តល់ឱ្យកម្ពុជាតាមរយៈ គម្រោងថ្នាក់តំបន់ និងសាកល ឬតាមរយៈស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិ អង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប។
ការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ពិតជាបានរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់់ប្រជាជន៕