FN ៖ រដ្ឋាភិបាលចិន ដែលបានចាប់ផ្តើមធ្វើការជិតស្និទ្ធ ជាមួយនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៧មកនោះ បានបង្ហាញជំនឿចិត្តមុតមាំថា កម្ពុជានឹងឈានទៅរកអនាគតមួយដ៏ត្រចេះត្រចង់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ជំនឿចិត្តមុតមាំរបស់ចិន ចំពោះការអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនេះ ត្រូវបានរំលេចឡើងដោយលោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តាមរយៈសុន្ទរកថា បើកសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវក្រោមកម្ចីថវិកាពីរដ្ឋាភិបាលចិន លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ស្យុង ព័រ បានថ្លែងថា លោករីករាយយ៉ាងខ្លាំង ដែលបានឃើញប្រទេសកម្ពុជា រក្សាបាននូវស្ថេរភាពនយោបាយ ហើយសេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងខ្លាំង។
បើតាមលោក ស្យុង ព័រ ព្រោះតែការរក្សាបាននូវស្ថេរភាពនយោបាយនេះ មានសហគ្រាសបរទេស រួមទាំងចិនផងដែរ បាននិងកំពុងដាក់ទុនវិនិយោគនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានរក្សានូវស្ថេរភាពនយោបាយ សេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងខ្លាំង។ កម្ពុជាបានក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចរស់រវើក និងប្រកបដោយសក្តានុពលជាងគេ សហគ្រាបរទេសជាច្រើន រួមទាំងសហគ្រាសចិនផងដែរ សុទ្ធតែមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍរបស់កម្ពុជា ហើយក៏មានគោលបំណងបន្ថែមទៀតក្នុងការដាក់ទុនវិនិយោគ។ ខ្ញុំមានជំនឿទុកចិត្តយ៉ាងពេញលេញ និងមុតមាំ ចំពោះអនាគតកម្ពុជា នឹងមានភាពត្រចះត្រចង់»។
សូមរំលឹកថា រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ១៩៩៧ ជាពិសេសក្រោយពេលមានដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់សម្តេចតេជោ ដែលប្រសិទ្ធនាមថាបុរសខ្លាំងកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ១៩៩៩។
ផ្តើមចេញពីដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន បានក្លាយជាដៃគូសហប្រតិបត្តិការ ដ៏សំខាន់របស់ប្រទេសចិន។ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-ចិន តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាញឹកញាប់។ នៅខែធ្នូ ឆ្នាំ២០១០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយប្រទេសទាំងពីរ បានបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរលើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមករួមគ្នាគាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន និងអាស៊ាន ព្រមទាំងសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។
តាមរយៈទំនាក់ទំនងជាងកន្លះសតវត្សរ៍នេះ កម្ពុជា-ចិន ទទួលបានសមិទ្ធិផលជាផ្លែផ្កាយ៉ាងច្រើន។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគីមានដល់ទៅ ៤,៣២០លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ និងមានជំនឿចិត្តថា នឹងសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥,០០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧នេះ។
ក្នុងទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលចិន បានផ្តល់ ប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍ និងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។ ក្នុងនោះស្ពានឆ្លងកាត់តន្លេសរុបចំនួន ៧ខ្សែត្រូវបាន សាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់រួមមាន៖ ស្ពានកោះធំ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែកតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានតាខ្មៅ។
ក្រៅពីការផ្តល់កម្ចីសាងសង់ស្ពានឆ្លងកាត់ទន្លេទៅ រដ្ឋាភិបាលចិន បានផ្តល់កម្ចីជួយសាងសង់ផ្លូវនៅកម្ពុជា រួចរាល់បានប្រវែងជិត ២ពាន់គីឡូម៉ែត្រ និងកំពុងសាងសង់ជិត ៧រយគីឡូម៉ែត្រ និងត្រៀមសាងសង់មួយចំនួនទៀត។ គិតត្រឹមឆ្នាំ២០១៦ រដ្ឋាភិបាលចិន បានផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទានសរុបប្រមាណជា ៣,៥០០លានដុល្លារអាមេរិក៕