FN ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២នេះ អាចផលិតទឹកស្អាតបាន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសប្បាយរីករាយនៅពេលទទួលបានសមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ។
* ជាមួយនិងការដាក់ឲ្យដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធទី២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ប្រវត្តិឈឺចាប់ កាលពីទសវត្សរ៍ឆ្នាំ៨០។ ដោយសារតែខ្វះបណ្តាញទឹកប្រើប្រាស់នេះ បានធ្វើឲ្យសម្តេចបាត់បង់កូនប្រុសម្នាក់ ពោលឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរលូតកូន ព្រោះតែរឿងយោងទឹកពីដីទៅដាក់លើផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា រហូតដល់ទសវត្សរ៍ឆ្នាំ៩០ ទៅហើយសម្តេចនៅប្រើរថយន្តដឹកទឹកទៅប្រើប្រាស់នៅឡើយទេ ព្រោះទឹករត់ចូលមិនដល់ផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ដែលតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍របស់ខ្លួន បានផ្តល់កម្ចីសម្រាប់ ផលិតរោងចក្រប្រព្រឹត្តកម្មទឹកស្អាត។ សម្តេចរំពឹងថា រដ្ឋាភិបាលបារាំង នឹងបន្តជួយដល់ប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋាករទឹកស្វ័យតទិញយកផ្នែកផ្គត់ផ្គង់ទឹកពីវិស័យឯកជនមកគ្រប់គ្រង ដើម្បីធានាក្នុងការផ្គត់ផ្គង់ តម្លៃមួយសមរម្យ។ ជាពិសេសនៅតាមតំបន់មួយចំនួន ដែលទើបនឹងកាត់ចូលរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា ពិភាក្សាគ្នាក្នុងការទម្លាក់តម្លៃអគ្គិសនីសម្រាប់ការបូមទឹក ដើម្បីបានកាត់បន្ថយ លើការចំណាយលើការប្រតិបត្តិការ ហើយអាចទម្លាក់ថ្លៃទឹកផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី ស្នើរដ្ឋាករទឹកពិចារណាប្រើប្រាស់ការ បូមទឹកនៅ ពេលយប់ ដើម្បីបានតម្លៃអគ្គិសនីទាប ព្រោះការផ្គត់ផ្គង់អគ្គិសនីនៅពេលយប់មានតម្លៃធូរថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការពិភាក្សាបង្កើតអនុស្ថានីយ៍សម្រាប់ការផ្គត់ផ្គង់អគ្គិសនី នៅតាមរោងចក្រផលិតទឹកស្អាតផងដែរ ដើម្បីបង្ការនូវការអាក់ខានការផ្គត់ផ្គង់ទឹកព្រោះដាច់ចរន្តអគ្គិសនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា ទឹកមានតម្លៃខុសៗគ្នា ទៅតាមតំបន់នីមួយៗ ព្រោះការចំណាយលើការផលិត និងការផ្គត់ផ្គង់ គឺមានការខុសគ្នាផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានស្នើសុំប្រជាពលរដ្ឋមានការយោគយល់ និងអធ្យាស្រ័យលើបញ្ហានេះ។
* ប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យមានការតបណ្តាញទឹកទៅតាមតំបន់ដទៃៗទៀត រួមទាំងកន្លែងបង្កើតលំនៅឋានថ្មី។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងរដ្ឋាករទឹកស្វ័យត ដែលបានខិតខំតបណ្តាញទៅ តាមបន្ទប់របស់កម្មករ កម្មការិនី ជួយឲ្យកម្មករ កម្មការិនី អាចប្រើប្រាស់ទឹកតាមតម្លៃរដ្ឋកំណត់ ផ្ទុយពីពេលមុនដែលតម្លៃទឹកត្រូវ កំណត់ដោយម្ចាស់ផ្ទះ និងបន្ទប់ជួល។