FN ៖ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ពេលរសៀលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញពិសារអាហារសាមគ្គី ជាមួយកីឡាករ កីឡាការិនី អត្តពលិក និងមន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។
សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន រៀបចំឲ្យមានការពិសារអាហារជុំគ្នាជាមួយកីឡាករ កីឡាការិនី និងអត្តពលិកនៅកម្ពុជា។ ការជួបជុំពិសារអាហារនេះ ក៏ជាឱកាសមួយដែលសម្តេចបានសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ដំបូន្មានមួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិកកម្ពុជា ឲ្យពួកគេប្រឹងប្រែងដុសខាតសមត្ថភាព ដើម្បីឈានឆ្ពោះទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងសហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំធ្វើឲ្យវិស័យកីឡាកាន់តែរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន ថា តាមរយៈវិស័យកីឡានេះ បានធ្វើឲ្យទង់ជាតិរបស់កម្ពុជា កាន់តែបានបង្ហាញវត្តមានយ៉ាងច្រើននៅលើពិភពលោក ហើយក៏បានជួយឲ្យជីវភាពប្រជាជនបានល្អប្រសើរផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមហ៊ុននានា ដែលបានជួយលើកកម្ពស់វិស័យកីឡា តាមរយៈផ្តល់វិភាគទាន ក៏ដូចជាការធ្វើកម្មវិធីផ្សេងគាំទ្រដល់សកម្មភាពកីឡា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំនៅតាមសាលារៀននានា តាំងពីបឋម ដែលបង្កើតឲ្យមានចលនាកីឡា។ សម្តេចសង្ឃឹមថា ចលនាកីឡានេះ នឹងបន្តទៅមុខទៀត ហើយធ្វើឲ្យក្លាយជាចលនារបស់ជាតិ ដោយមិនមែនជារបស់ដាច់ដោយឡែក របស់ស្ថាប័នណាមួយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ថា ពីមុនកីឡាកម្ពុជា បានស្គាល់មេដាយតិចតួចណាស់ តែប៉ុន្មានឆ្នាំចុងក្រោយកម្ពុជា បានស្គាល់នៅមេដាយ ជាច្រើន។ សម្តេចសង្ឃឹមថា វិស័យកីឡាកម្ពុជា នឹងបន្តរីកចម្រើនទៅមុខបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពខ្លាំង ឬខ្សោយលើវិស័យកីឡានេះ មិនពឹងផ្អែកលើប្រទេសធំ ឬតូចនោះទេ។ ប្រទេសធំខ្លះ ក៏មិនមានសមត្ថភាពខ្លាំងផ្នែកកីឡាផងដែរ ដូច្នេះមានតែការខិតខំប៉ុណ្ណោះ ទើបធ្វើឲ្យមានសមត្ថភាពខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសខ្លះ ដូចជាអាមេរិក បោះឆ្នោតប្រធានាធិបតីតែមួយជុំ រីឯបារាំង បោះឆ្នោតដល់ទៅពីរជុំ ដូច្នេះវាមិនមែនជាស្តង់ដារអន្តរជាតិនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកីឡាគឺមានស្តង់ដារអន្តរជាតិតែមួយ បើមានការផ្លាស់ប្តូរ គឺត្រូវផ្លាស់ប្តូរទូទាំងពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កីឡាករ កីឡាការិនី បើទោះបីចាញ់ ឬ ឈ្នះ ត្រូវគោរពនូវស្មារតីកីឡា ពោលមិនត្រូវផ្ទុះហិង្សាណាមួយ នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យកីឡាករ កីឡាការិនី ត្រូវគោរពទៅតាមច្បាប់ និងលក្ខខណ្ឌ នៃកីឡានីមួយៗ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់កីឡាករ កីឡាការិនីវ័យក្មេងទាំងអស់ ដែលបានខិតខំហ្វឹកហាត់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវចូលរួមសាទរទទួលនូវសមិទ្ធផលកីឡា ដែលសម្រេចបានក្នុងឆ្នាំ២០១៦កន្លងទៅ តែក៏ត្រូវពិនិត្យភាព ខ្វះខាត ដើម្បីអភិវឌ្ឍន៍វិស័យកីឡាឲ្យកាន់តែល្អប្រសើរ។