FN ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសំណើស្នើសុំទៅដល់អភិបាលខណ្ឌចំការមន ចាត់អញ្ជើញ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូឌីញ «ស» ចូលរួមប្រជុំរកដំណោះស្រាយ ក្នុងការអភិវឌ្ឍអគារប៊ូឌីញ «ស» បន្តទៀត នៅវេលាម៉ោង០៨៖០០នាទីព្រឹក នៅសាលប្រជុំលេខ៨០៣ ជាន់ទី៨ នៃទីស្ដីការក្រសួង។
តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ពិធីខាងលើនេះនឹងធ្វើឡើងក្រោមអធិបតីភាព លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស»នេះ គឺស្ថិតនៅក្នុងការសិក្សារវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ជាន់កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន ១០% ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕