FN ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលមានទំហំធំ។
មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ៣០ម៉ែត្រ និងមានចិញ្ចើម ផ្លូវ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ។ មហាវិថីនេះឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ចាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។
មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រ ត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ៧៦លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានសាងសង់ផ្លូវមួយខ្សែនេះឡើង ដែលជាការចូលរួម ចំណែកយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា រាជធានីភ្នំពេញ បានរីកពីទំហំប្រមាណ ៣០០គីឡូម៉ែត្រក្រឡា មកដល់ជិត ៧០០គីឡូម៉ែត្រក្រឡាយហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខឆាប់ៗនេះ កម្ពុជានឹងមានអគារកម្ពស់ ១២៥ជាន់ ដែលមានកម្ពស់រហូតដល់ជាង ៥០០ម៉ែត្រ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិននឹកស្មានថា កម្ពុជាដែលខ្ទេចខ្ទាំដោយភ្លើងសង្រ្គាមនេះ អាចបានរីកចម្រើនក្រោមការដឹកនាំ របស់សម្តេចនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា មានការលំបាកខ្លាំងណាស់ទម្រាំមានការអភិវឌ្ឍបែបនេះ ដែលកាលពីដើម ឡើយសូម្បីតែទឹក ក៏សម្តេចទៅដងពីទន្លេមកប្រើប្រាស់ខ្លួនឯងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងមិនធ្វើឲ្យព្រះមហាក្សត្រ និងប្រជាពលរដ្ឋខកព្រះទ័យ និងខកចិត្ត ចំពោះការផ្តល់ងារជា «សម្តេចអគ្គមហាសេនាបតីតេជោ» នោះឡើយ។ សម្តេចតេជោថ្លែងថា សម្តេចនឹងនៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយរាល់ពេល ប្រជាពលរដ្ឋមានទុក្ខ ប្រាកដជាមានមុខសម្តេចតេជោ ហ៊ុន សែន។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ ដើម្បីធានាដល់អាយុជីវិតរបស់ខ្លួនឯង និងអាយុជីវិតរបស់អ្នកដទៃផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងរយៈប៉ុន្មានថ្ងៃនៃដើមខែមេសានេះ សម្តេចនឹងត្រូវអញ្ជើញសម្ពោធសមិទ្ធផលជាច្រើន នៅក្នុង រាជធានីភ្នំពេញ ដូចជាថ្ងៃទី០៣ ខែមេសា សម្ពោធមហាវិថីសម្តេចតេជោ ហ៊ុន សែន, ថ្ងៃទី០៤ មេសា សម្ពោធហេរដ្ឋារចនាសម្ព័ន្ធកីឡា នៅពហុកីឡដ្ឋានមរតកតេជោ, ថ្ងៃទី០៥ ខែមេសា សម្ពោធចម្រោះទឹកស្អាតនៅសង្កាត់និរោធ និងថ្ងៃទី០៦ សម្ពោធផ្លូវជាតិលេខ ៦អា។
* ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានណែនាំឲ្យឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ សិក្សារៀបចំមហាវិថីសម្តេចតេជោ ហ៊ុន សែន នេះ សម្រាប់ការចុះចតយន្តហោះក្នុងគ្រា ដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញមានបញ្ហា។
* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បើគ្មានការចូលរួម នឹងគ្មានការអភិវឌ្ឍនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានសូមឲ្យទេវតាថែរក្សាឆ្នាំថ្មី ព្រមទាំងភូមិទេវតា រុក្ខទេវតា និងអាកាសទេវតា ជួយថែរក្សាប្រជាពលរដ្ឋខ្មែរ ឲ្យបានជួបតែសេចក្តីសុខសប្បាយជារៀងរហូតទៅ។
* សម្តេចនាយករដ្ឋមន្រ្តី បានរំពឹងថា ការចូលឆ្នាំនេះ នឹងមានអាកាសធាតុល្អមិនក្តៅពេក ហើយក៏មិនត្រជាក់ពេក តែក៏ត្រូវទាមទារឲ្យស្តាប់នូវការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសរៀបចំការពារប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយចៀសវាង នូវល្បែងគ្រោះថ្នាក់ទាំងឡាយដូចជាលេងលាបម្សៅ និងគប់ទឹកជាដើម ក្នុងនោះក៏ត្រូវប្រយ័ត្នប្រយែងបញ្ហាគ្រោះអគ្គិភ័យផងដែរ ពោលកុំធ្វើឲ្យថ្ងៃសប្បាយរីករាយក្លាយជាថ្ងៃមានវិបត្តិ។
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវទៅដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ កុំឲ្យតម្លើងថ្លៃខ្ពស់ហួសហេតុ ដើម្បីចូលរួមដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់តំបន់ទេសចរណ៍នានា ប្រឹងប្រែងទាក់ទាញភ្ញៀវ ជាពិសេសអាជ្ញាធរគ្រប់គ្រងតំបន់ទេសចរណ៍ ត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ជាពិសេសអ្នកលក់ដូរ ត្រូវលក់ឲ្យបានសមរម្យ ហើយកុំឲ្យលក់ថ្លៃ ដែលនាំឲ្យបាត់បង់ភ្ញៀវ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលឆ្លាតលក់ចំណេញតិច តែលក់បានច្រើន រីឯអ្នកដែលល្ងង់លក់ចំណេញច្រើន តែលក់បានតិច។
* សម្តេចតេជោ បានសូមឲ្យទេវតាឆ្នាំថ្មីតាមប្រសិទ្ធពរជ័យសិរីមង្គល ជូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាកងកម្លាំងបម្រើការនៅក្រៅប្រទេស។