សារសម្លេងសម្ដេចតេជោ ហ៊ុន សែន សំណូមពរឲ្យឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បន្តជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា

ជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក៏ដូចជាកីឡាករ/ការនីបាល់ទាត់ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋដែលស្នេហាកីឡាបាល់ទាត់! កាលពីម្សិលមិញ បន្ទាប់ពីការបញ្ចប់ការប្រកួតរវាងកម្ពុជានិងមីយ៉ាន់ម៉ា ដោយទទួលលទ្ធផលមិនបានល្អ នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានសុំលាលែងចេញពីតំណែង។ ខ្ញុំបានសង្កេតឃើញថា បន្ទាប់ពីការទទួលបានព័ត៌មាននេះ មានមនុស្សជាច្រើនបានបង្ហាញនូវការខកចិត្តនិងបង្ហាញអំពីការសោកស្ដាយចំពោះឯកឧត្តម សៅ សុខា ដែលធ្លាប់បានដឹកនាំបង្កើតនូវការរីកចម្រើនរបស់កីឡាបាល់ទាត់កម្ពុជា។ ខ្លួនខ្ញុំផ្ទាល់ក៏សូមចូលរួមសម្ដែងនូវការសោកស្ដាយនេះផងដែរ។ ហើយក៏សូមធ្វើការកត់សម្គាល់ថា ចាប់តាំងពីឯកឧត្តម សៅ សុខា បានទទួលនូវមុខតំណែងនេះ កីឡាបាល់ទាត់របស់កម្ពុជាគឺមានការរីកចម្រើនឈានឡើងជាលំដាប់ បើទោះបីការលេងរបស់យើងមានលទ្ធផលមិនទាន់តាមការចង់បានរបស់យើងក៏ដោយចុះ ក៏ប៉ុន្តែយើងបានដើរចេញឆ្ងាយពីចំណុចដែលយើងមិនធ្លាប់មានកាលពីពេលមុន។ ខ្ញុំគួរតែបញ្ជាក់ថា មានប្រទេសច្រើនណាស់ដែលកីឡាបាល់ទាត់មិនអាចទទួលបាននូវលទ្ធផលល្អ។ ប្រទេសខ្លះមានប្រជាជនជាង១ពាន់លាននាក់, រាប់រយលាននាក់ ក៏បាល់ទាត់របស់គេមិនខ្លាំងនោះដែរ។ យើងមានប្រជាជនត្រឹមតែជាង១៦លាននាក់ ថា១៧លាននាក់ យើងធ្វើបានប៉ុននេះវាជាការល្អណាស់ហើយ សម្រាប់ក្នុងកែវភ្នែកប្រជាជនកម្ពុជារបស់យើង ដែលធ្លាប់តែស្ថិតនៅក្នុងបាតតារាង ប៉ុន្តែយើងក៏ធ្លាប់ឈ្នះ ធ្លាប់ទទួលបានលទ្ធផលល្អប្រសើរ។ ដូច្នេះ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំអំពាវនាវចំពោះនាយឧត្តមសេនីយ៍ សៅ សុខា បន្តការធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់តទៅទៀត។ ហើយនេះមិនមែនជាបញ្ហាដាច់ដោយឡែករបស់ខ្ញុំ តែនេះជាបញ្ហារួមដែលខ្ញុំតំណាងឱ្យរាជរដ្ឋាភិបាល អំពាវនាវឱ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តតួនាទីនេះ ជាមួយនឹងការចង់បានរបស់កីឡាករ​/ការិនី កីឡាបាល់ទាត់ និងប្រជាពល​រដ្ឋដែលគាំទ្រកីឡាបាល់ទាត់​ផងដែរ។…