សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ចែកសញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!ឯកឧត្ដម លោកជំទាវ អស់លោក/ស្រី (ក៏ដូចជា) និស្សិតជ័យលាភីទាំងអស់ ជាទីគោរពស្រឡាញ់! (១) រីករាយនឹងពិធីបុណ្យចូលឆ្នាំផង រីករាយនឹងទទួលសញ្ញាបត្រផង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួម ដើម្បីចែកសញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដែលមាន(ចំនួន) ៦ ៧៩១ នាក់។ ថ្ងៃនេះ វាមិនទាន់ចប់ពេលចូលឆ្នាំចិននៅឡើយទេ។ ម្សិលមិញ បើនិយាយពីចិនសុទ្ធមែនទែន គេមិនដើរនោះទេ គេហៅថ្ងៃឈីអ៊ិត។ ថ្ងៃនេះ បានថ្ងៃគេដើរលេង។ ក៏ប៉ុន្តែ សម្រាប់កម្ពុជាមិនមានប្រក្រតិទិនឈប់សម្រាកក្នុងឱកាសចូលឆ្នាំចិន/វៀតណាមនោះទេ។ ដូច្នេះហើយបានជាខ្ញុំព្រះករុណាខ្ញុំដាក់នូវកម្មវិធី​ចែកសញ្ញាបត្រ ដែលអាចនឹងធ្វើឱ្យ​កូន​/ក្មួយ ដែលជានិស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះទទួលការលំបាកបន្តិច។ ក៏ប៉ុន្តែ វាក៏គាប់ជួនដែរ ថ្ងៃចូលឆ្នាំថ្មីនេះ គឺជាថ្ងៃដែលយើងសប្បាយរីករាយជាមួយនឹងការចូលឆ្នាំផង បូកជាមួយនឹងការទទួលសញ្ញាបត្រផង​។ (២) លទ្ធផលដ៏ធំនៃការបណ្តុះបណ្តាលធនធានមនុស្ស ខ្ញុំព្រះករុណាខ្ញុំវាយតម្លៃខ្ពស់ចំពោះការខិតខំទាំងអស់នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដែលអម្បាញ់មិញ ឯកឧត្ដម ​ស្ដើង សុខុម ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាពនៃសាកលវិទ្យាល័យនេះ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ…