សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិត​វិទ្យាស្ថាន វ៉ាន់ដា

(១) វិទ្យាស្ថាន វ៉ាន់ដា រួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់ឆ្នាំនេះ សម្រាប់វិទ្យាស្ថាន​ វ៉ាន់ដា ដែលមាននិស្សិតរហូតទៅដល់ ៤ ៧០៥នាក់។ អម្បាញ់មិញ ខ្ញុំបានសួរឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ថាតើសាលាពីរខុសគ្នាយ៉ាងម៉េច? គឺសាលាតែមួយទេ ប៉ុន្តែជំនាន់ខុសគ្នា។ ជំនាន់នេះ ជំនាន់កូវីដ-១៩។ សូមសួរបន្ដិច អ្នកធ្លាប់កើតកូវីដ-១៩ ប៉ុន្មាននាក់? … ច្រើនដែរ​។ កើតក្រោយចាក់វ៉ាក់សាំងឬក៏កើតមុន? … ថ្ងៃនេះ យើងបានទទួលមកនូវធនធានមនុស្សថែមទៀត។ រយៈពេលតែ២ លើកទេ យើងទទួលបានរហូតទៅដល់ប្រមាណ៨ ពាន់នាក់ នៃវិទ្យាស្ថាន វ៉ាន់ដា។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃវិទ្យាស្ថាន វ៉ាន់ដា ដែលបានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសរបស់យើង​។ ក្នុងនោះ គេបានសង្កេតឃើញអំពីអត្រាខ្ពស់បំផុតនៃការចូលរៀនរបស់និស្សិតជាស្រ្តីនៅសាលាទាំងអស់របស់វិទ្យាស្ថាននេះ។ (២) អត្រានិស្សិតជាស្រ្ដីខ្ពស់ទាំងកំរិតបរិញ្ញាបត្ររងនិងបរិញ្ញាបត្រ បើយោងទៅលើរបាយការណ៍នេះ កម្រិតបរិញ្ញាបត្ររង ៥៣នាក់ ក្នុងនោះមានស្រ្ដី ៨៦,៧៩%។ បរិញ្ញាបត្រចំនួន ៤ ៦៥២នាក់ គឺមានស្រ្ដីចំនួន ៤…