សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតផ្លូវការជូនពរជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតជាផ្លូវមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ជូនពរដល់ជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ នៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា នាថ្ងៃសុក្រ ទី១៤ ថ្ងៃសៅរ៍ទី១៥ និងថ្ងៃអាទិត្យទី១៦ ខែមេសាខាងមុខនេះ គឺជាទិវាដ៏មហាប្រសើរ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា រៀបចំអបអរសារទរនៅពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំរកា សូមឲ្យប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងមានជ័យមង្គលក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមចូលរួមអំណរសាទរ ក្នុងទិវាបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងតែរស់នៅក្នុង និងក្រៅប្រទេស ប្រកបដោយទឹកចិត្តរីករាយជ្រះថ្លា និងប្តេជ្ញាការពារថែរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សាធារណៈជូនប្រជាជាតិទាំងមូល ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព»៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត​ ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម នៅវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦-២០១៧ និងលើក ទិសដៅឆ្នាំ២០១៧-២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៦,៣% (ថ្លៃបច្នុប្បន្ន) នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦នេះ។ ដោយឡែក វិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣១,៣% និងវិស័យសេវាកម្មប្រមាណ ៤២,៤%។ ការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពី ៣៥,៦%-២៦,៣% ក្នុងចន្លោះឆ្នាំ ២០១២-២០១៦ ដោយសារតែវិស័យឧស្សាហកម្ម សំណង់ និងវិស័យសេវាកម្មមានការកើនឡើង។ ក្រសួងកសិកម្មបានផ្សព្វផ្សាយថា បើទោះបីជាកសិកម្ម បានជួបប្រទះនូវគ្រោះធម្មជាតិ ពិសេសគ្រោះរាំងស្ងួតនៅដើមរដូវ និងជំនន់នៅចុងរដូវវស្សាក៏ដោយ ក៏កម្ពុជាទទួលបាននូវសមិទ្ធផល ជាវិជ្ជមានប្រកបដោយមោទនភាព ដូចបានរៀបរាប់ខាងលើ ពោលគឺវិស័យកសិកម្មឆ្នាំ២០១៦ នេះមានកំណើនរហូតទៅដល់ ៣% ល្អប្រសើរជាងឆ្នាំ២០១១៥ មុននេះដែលទទួលបានត្រឹមតែ០,២៤%៕ ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ *…

សម្តេចតេជោ ហ៊ុន សែន៖ ជូនពរបងប្អូនជនរួមជាតិ ឲ្យជួបតែសេចក្តីសុខ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខ !

FN ៖ ពីទីលានវាយកូនគោល នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសេរសារតាមរយៈ Facebook របស់សម្តេច ដោយបានជូនពរដល់ជនរួមជាតិទាំងអស់ ឲ្យជួបប្រទេសតែសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ សម្តេចតេជោ ហ៊ុនសែន បានសរសេរសារខ្លីនៅលើ Facebook អមដោយរូបភាពជាច្រើនសន្លឹងយ៉ាងដូច្នេះថា «ថ្ងៃសៅរ៍ សប្តាហ៍មុនភ្លៀងធ្លាក់យ៉ាងខ្លាំង មិនអាចលេងកូនគោលបាន។ សប្តាហ៍នេះខ្ញុំមានពេលទំនេរតែព្រឹកថ្ងៃសៅរ៍នេះប៉ុណ្ណោះ ដើម្បីហាត់ប្រាណ សង្ឃឹមថា មិនមានឧបសគ្គណា មករារាំងការលេងរបស់ខ្ញុំទៀតឡើយ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខ»។