សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរកម្មករ កម្មការនី ឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន នៅក្នុងទិវា «ពលកម្មអន្តរជាតិ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារខ្លីមួយ នៅលើ Facebook ផ្លូវការសម្តេចតេជោ ដោយបានជូនពរចំពោះ បងប្អូនកម្មករ កម្មការនី សូមជួបតែនឹងសេចក្តីសុខ សេចក្តីចំរើនគ្រប់ៗគ្នា នៅក្នុងទិវា «ពលកម្មអន្តរជាតិ» នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។ Facebook ផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះឲ្យដឹងយ៉ាងដូច្នេះថា «ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិ លើកទី១៣០ បន្ថែមលើសារលិខិតដែលខ្ញុំផ្ញើជូនរួចមកហើយ ជាថ្មីម្តងទៀត ខ្ញុំសូមផ្ញើជូននូវការជូនពរចំពោះបងប្អូនកម្មករ កម្មការនី សូមជួបតែនឹងសេចក្តីសុខ សេចក្តីចំរើនគ្រប់ៗគ្នា»។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេច បានយកការសំរាកថ្ងៃនេះ មកលេងកីឡាបន្ទាប់ពី ការហត់នឿយមួយរយៈ កន្លងមកនេះ ដើម្បីថែរក្សាសុខភាពឲ្យបានរឹងមាំជានិរន្តិ៍៕

ប្រមុខដឹកនាំកម្ពុជា និងមេដឹកនាំអាស៊ានទាំងអស់ បារម្ភពីបញ្ហានុយក្លែអ៊ែរ និងប្តេជ្ញាធ្វើយ៉ាងណារក្សា​ឲ្យបានតំបន់​អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លែអ៊ែរ !

FN ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានថ្លែងបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីន ដែលទើបបញ្ចប់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងប្រមុខដឹកនាំ នៃបណ្តាប្រទេសអាស៊ានទាំង១០ បានបង្ហាញនូវការយកចិត្តទុកដាក់ លើបញ្ហានុយក្លែអ៊ែរនៅក្នុងតំបន់ និងពិភពលោក ដោយប្រមុខរាជរដ្ឋាភិបាលអាស៊ានទាំងអស់ បានប្តេជ្ញាចិត្តជាថ្មី ធ្វើយ៉ាងណារក្សាឲ្យតំបន់អាស៊ីអាគ្នេយ៍ មិនមានអាវុធនុយក្លែអ៊ែរ។ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ស្តីពីលទ្ធនៃកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បន្ទាប់ពីធ្វើមាតុភូមិនិវត្តមកកាន់មកកម្ពុជាវិញនោះ លោក កៅ គឹម ហួន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រមុខរាជរដ្ឋាភិបាលអាស៊ាន បានយកចិត្តទុកដាក់ចំពោះ បញ្ហានុយក្លែអ៊ែរនៅក្នុងពិភពលោក និងនៅក្នុងតំបន់ ជាពិសេសដោយសារអាស៊ានមានសន្ធិសញ្ញា ស្តីពីតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លែអ៊ែរ ក្នុងន័យនេះគឺប្រមុខរាជរដ្ឋាភិបាលអាស៊ាន បានឆ្លុះបញ្ចាំង សារជាថ្មីម្តងទៀត ពីឆន្ទះរបស់មេដឹកនាំអាស៊ាន ធ្វើយ៉ាងណារក្សាឲ្យតំបន់អាស៊ីអាគ្នេយ៍នេះ មិនមានអាវុធនុយក្លែអ៊ែរ ហើយជំរុញការអនុវត្តន៍ទៅតាម ក្រមខណ្ឌធម្មនុញ្ញអាស៊ាន»។…

អតីតនាយករដ្ឋមន្រ្តីញូវហ្សេឡែន សរសើរថា ល្បឿនអភិវឌ្ឍន៍នៅកម្ពុជាមានភាពឆាប់រហ័ស

FN ៖ អតីតនាយករដ្ឋមន្រ្តីប្រទេសញូវហ្សេឡែន លោក John Key បានមើលឃើញថា កម្ពុជា បានរីកចម្រើនយ៉ាងច្រើនបើធៀបនឹង រយៈពេលប្រាំមុន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅកម្ពុជា។ លោក John Key ថា ការអភិវឌ្ឍរបស់កម្ពុជា មានល្បឿនយ៉ាងឆាប់រហ័សគួរឲ្យចាប់អារម្មណ៍។ លោក John Key លើកឡើងបែបនេះក្នុងពេលដែលរូបលោក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែង​ការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។ ក្នុងជំនួបនេះ លោក John Key បានលើកឡើងថា កម្ពុជា បានបោះជំហានអភិវឌ្ឍន៍ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលតែ ៥ឆ្នាំមកនេះ បើធៀបនឹងដំណើរទស្សនកិច្ចរបស់លោក John Key មកកាន់កម្ពុជាកាលពីឆ្នាំ២០១២។ សម្តេចតេជោ ហ៊ុន សែន បានអរគុណលោក John Key ដែលបានវាយតម្លៃប្រកបដោយភាពវិជ្ជមានចំពោះការអភិវឌ្ឍ និងភាពរីកចម្រើនរបស់​កម្ពុជា។ សម្តេចតេជោ បន្តថា កម្ពុជាត្រូវការធនធានមនុស្សច្រើនណាស់ ដើម្បីកសាងប្រទេស…