Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សុន្ទរកថា និងសេចក្តីអធិប្បាយ បិទសន្និបាតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បូកសរុបការងារ ១៦ ខែដំបូង (ខែ កញ្ញា ២០១៨- ខែ ធ្នូ ២០១៩) និងទិសដៅការងារឆ្នាំ ២០២០

” … ដោយសង្កេតឃើញភារកិច្ចដែលបណ្តាគណបក្សនយោបាយ ចូលរួមធ្វើការផ្ទាល់ជាមួយនឹងរាជរដ្ឋាភិបាល ខ្ញុំមានបំណងថា ក្រោយឆ្នាំ ២០២៣ យើងអាចស្នើសុំបន្តនូវក្បាលម៉ាស៊ីនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះបន្តទៀត …. បើនិយាយពីប្រសិទ្ធិភាព ឯកឧត្តម លោកជំទាវ បានធ្វើដោយផ្ទាល់ជាមួយបណ្តារដ្ឋមន្រ្តី នាយករដ្ឋមន្ត្រី ហើយធ្វើការផ្ទាល់ជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិទៀតផង …”

“… មិនថាគណបក្សដែលមានសម្លេងភាគច្រើន ឬគណបក្សដែលមានសម្លេងភាគតិច ឬក៏គណបក្សដែលធំ ឬតូច … យើងនិយាយពីការស្មើភាពគ្នារវាងគណបក្សនយោបាយទាំងអស់ … គណបក្សកាន់រដ្ឋាភិបាលមានសិទ្ធិធ្វើប្រធានប្តូរវេន គណបក្សដែលមិនមានអាសនៈក្នុងសភា ប៉ុន្តែបានចូលរួមនៅក្នុងយន្តការនេះ ក៏មានសិទ្ធិដើម្បីនឹងធ្វើប្រធានប្តូរវេន … បង្ហាញពីការស្មើភាពក្នុងដំណើរការ …”

“… សុំបញ្ជាក់ថា ខ្ញុំសុខចិត្តទទួលយកយោបល់នៃគណបក្សនយោបាយ ដែលមានយោបល់ខុសគ្នា … អ្វីដែលជាចំណុចដូចគ្នា គឺចង់ឲ្យប្រទេសរីកចម្រើន … ប្រសើរជាជាងទទួលបទបញ្ជាពីបរទេសឲ្យយើងធ្វើនេះឬធ្វើនោះ ដោះដូរជំនួយរបស់គេ …”

“… ខ្ញុំសង្ឃឹមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រមូលផ្តុំដោយ ១៦ គណបក្សនយោបាយ នឹងបន្តធ្វើកិច្ចការទាំងឡាយស្រប ទៅតាមព្រះរាជ្យក្រឹត្យ … ក្នុងនោះរាប់ទាំងស្វែងរកចំណុចពាក់ព័ន្ធផ្លូវច្បាប់ដែលលែងសមស្រប ឬមិនឆ្លុះបញ្ចាំងអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ … លើកជាសំណើក្នុងក្របខណ្ឌនៃអង្គការនិតីប្រតិបត្តិ ដើម្បីយើងអាចឈានទៅធ្វើវិសោធនកម្មនៃច្បាប់ ឬកែតម្រូវគោលនយោបាយរបស់រាជរដ្ឋាភិបាល …”

សម្តេចតេជោ ហ៊ុន សែន , បិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលេីកទិសដៅការងារឆ្នាំថ្មីរបស់ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់, ២៧ ធ្នូ ២០១៩

សេចក្ដីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

• “… និស្សិតមកពីបរទេសរៀននៅសាលានេះច្រើន […] ១៥៨ នាក់ ដោយក្នុងនោះមកពីឡាវ កូរ៉េ វៀតណាម ជប៉ុន ចិន បារាំង បង់ក្លាដេស ម៉ារ៉ុក អង់គ្លេស ម៉ាលី ហ្គាបុង និងទុយនេស៊ី … និស្សិតបរទេសមួយចំនួនរៀននៅសាលាដទៃៗ ប៉ុន្តែសាលានេះអាចចាត់ទុកថា ជាសាលាដែលទាក់ទាញបាននូវការយកចិត្តទុកដាក់មករៀនពីសំណាក់និស្សិតបរទេស …”
• “… ឆ្នាំនេះទឹកធ្លាក់លឿនជ្រុលហួស។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការប្រមូលផលរដូវវស្សាបានជាង ២ លានហិកតាហើយ លើផ្ទៃដីដែលធ្វើបានចំនួន ២ លាន ៧ សែនហិកតា […] ស្រូវវស្សានឹងមិនមានផលប៉ះពាល់ដោយសារការខ្វះទឹកទេ ប៉ុន្តែស្រូវប្រាំងនៅកន្លែងមួយ ចំនួនខ្វះខាតទឹក … ខ្ញុំព្រះករុណាខ្ញុំចេញសារាចរអំពាវនាវឱ្យកសិកររបស់យើងធ្វើស្រូវប្រាំងតែមួយដងបានហើយ …”
• ” … ខ្ញុំតែងតែផ្តល់អនុសាសន៍ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សាបែងចែកតំបន់ដាំដុះ។ តំបន់ខ្លះអាចធ្វើដំណាំផ្សេង(ពីស្រូវ)បាន […] ពិសេស តំបន់ដែលខ្វះខាតទឹក គប្បីប្រែវាទៅជាតំបន់ដែលដាំនូវអ្វីដែលអាចទទួលផលបានខ្ពស់ជាង ហើយប្រើទឹកតិចជាង …”
• “… គោលនយោបាយឧស្សាហកម្ម ទី ១ គឺកែច្នៃផលិតផលកសិកម្មរបស់កម្ពុជា ដែលមានស្រាប់ មិនទាមទារទុនធំពេកហើយសហគ្រាសធុនតូច និងមធ្យមត្រូវដំណើរការទាំងអ្នកក្នុងស្រុក និងក្រៅស្រុក។ ជិតចូលឆ្នាំខ្មែរ ខ្ញុំត្រូវជួបសហគ្រាសធុនតូច និងមធ្យម […] យើងចង់បានអ្នកវិនិយោគលើជ័រកៅស៊ូ កាហ្វេ ។ល។ និង ទី២ គឺការវិនិយោគផ្នែកឧស្សាហកម្មបច្ចេកវិទ្យា។ ទោះបីយើងនៅរក្សាឧស្សាហកម្មអតិពលកម្មប្រើកម្លាំងពលកម្មច្រើន ដូចជាវិស័យកាត់ដេរ ប៉ុន្តែយើងក៏ត្រូវទាញយកឧស្សាហកម្មជំនាញខ្ពស់ …”

សម្ដេចតេជោ ហ៊ុន សែន, ចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ២៦ ធ្នូ ២០១៩

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធ និងប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ផ្សារដារ

“… សូមថ្លែងការអរគុណចំពោះការឧបត្ថម្ភរបស់ប្រិយមិត្ត និង រដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ឱ្យកម្ពុជានូវផ្សារព្រំដែននេះ ដែលជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ … ផ្សារព្រំដែននេះនឹងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋរបស់យើងរកស៊ីជាមួយគ្នាដោយស្របច្បាប់ និងបង្កើតបាននូវស្ថានភាពឈ្នះឈ្នះនៃទំនាក់ទំនងរវាងពាណិជ្ជកម្មព្រំដែន … រវាងប្រទេសជិតខាង …”

“… សូមឯកឧត្តម ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ពិនិត្យមើល(ទំហំទំនិញ)ដែលវៀតណាមនាំចូលមកកម្ពុជា និងទំនិញដែលកម្ពុជានាំចូលទៅវៀតណាម … ខ្ញុំស្នើដោយទទូចឱ្យវៀតណាមបង្កើនការទិញពីកម្ពុជា ក្នុងនោះវៀតណាមបាន និងកំពុងទិញអង្ករពីកម្ពុជាចំនួន ៣០ ម៉ឺនតោន និងផលិតផលមួយចំនួនផ្សេងទៀត ដែលកម្ពុជាមាន …”

“… ពីមុននេះ ផ្លោងដាក់គ្នាទៅវិញទៅមកដោយគ្រាប់កាំភ្លើង ហើយទល់ដែនទាំងសងខាងសម្បូរគ្រាប់មីន។ ឥឡូវនេះ ផ្លោងទៅវិញទៅមកដោយទំនិញ ខាងវៀតណាមបញ្ជូនទំនិញមកលក់ឱ្យកម្ពុជា កម្ពុជាបញ្ជូនទំនិញទៅលក់ឱ្យវៀតណាម ហើយយើងខិតខំបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ … បន្តទៅទៀត ខ្ញុំចង់ចង្អុលបង្ហាញគ្រោងធ្វើ(ផ្សារ)នៅក្នុង ខេត្តកំពត និងស្វាយរៀង ២ ខេត្តនេះ គប្បីប្រើថវិកាជាតិធ្វើតែម្តងទៅ។ កាលពីមុនយើងអត់មាន(លទ្ធភាព) អញ្ចឹងយើងសុំមិត្ត …”

សម្ដេចតេជោ ហ៊ុន សែន, សម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារដារ) នៅខេត្តត្បូងឃ្មុំ, ២៤ ធ្នូ ២០១៩