Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សារតាមហ្វេសប៊ុកផេច ស្តីពីការធ្វើតេស្តអវិជ្ជមាន កូវីដ១៩ ជាលើកទី ៣

នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាក(របស់ខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅបំរើការក្នុងផ្ទះរបស់ខ្ញុំ)ទៅធ្វើតេស្តជាលើកទី ៣។ ជាលទ្ធផល ទាំងខ្ញុំ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺ(មានលទ្ធផល)អវិជ្ជមាន កូវីដ-១៩ ទាំងអស់។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរបស់បងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយ ព្រឹត្តិការណ៍ ៣ វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី ៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថា​ ទាំងខ្ញុំ និងភរិយា ព្រមទាំងបងប្អូនប្រមាណជាង ១០០០ នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី ៤ វិច្ឆិកា ២០២០ នឹងមានលទ្ធផលអវិជ្ជមាន ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពី កូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងដែលអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់ខ្ញុំនិងភរិយា៕

សារតាមហ្វេសប៊ុកផេច ទាក់ទងនឹងពាក្យចចាមអារាម ស្តីពីការបិទរាជធានី និងការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ក្នុងដំណាក់កាលចត្តាឡីស័ក នៃ ព្រឹត្តិការណ៍ ៣ វិច្ឆិកា

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់, ថ្មីៗនេះ មានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំដឺកូវីដ-១៩ នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។ សម្រាប់ការពាក់ម៉ាស់ ដែលកាលពីម្សិលមិញនេះ ខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន ២ លានម៉ាស់ ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។ សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍ ៣ វិច្ឆិកាឱ្យបានឆាប់ (និង)ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ ៣ វិច្ឆិកា ២០២០ វិញ។ សម្រាប់បងប្អូនដែលបាន និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់ និងសូមអាជ្ញាធរ​មូលដ្ឋានតាមដានត្រួតពិនិត្យ និងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រ ដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕

សេចក្ដីដកស្រង់ប្រសាសន៍ បទបញ្ជានិងវិធានការតាមសារជាសម្លេង ដើម្បីបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកាឱ្យបានឆាប់រហ័ស

ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនជនរួមជាតិជាទីស្រឡាញ់។ ព្រឹត្តិការណ៍ដែលទាក់ទងជាមួយនឹងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលខ្ញុំសុំប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍ ៣ វិច្ឆិកា ដើម្បីបញ្ចៀសនូវការហៅចំឈ្មោះចំពោះប្រទេសហុងគ្រី ដែលវានាំទៅដល់មានផលប៉ះពាល់ក្នុងទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីនៅពេលក្រោយ ទើបខ្ញុំហៅវាថាជាព្រឹត្តិការណ៍ ៣ វិច្ឆិកា ។ ៣ វិច្ឆិកា នេះបានបង្កស្ថានភាពរំជើបរំជួលនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ហើយទៅដល់ខេត្តពោធិសាត់ បន្ទាប់ទៅគឺដល់ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត និងកែប។ ដោយឡែក (យើងមានស្ថាន)ភាពធ្ងន់​ធ្ងរ​នៅក្នុងទីក្រុងភ្នំពេញ ហើយអាចមានមួយផ្នែកនៅខេត្តកណ្តាល ដូចជាទីកន្លែងតំបន់អង្គរក្សរស់នៅជាដើម គឺនៅក្នុងដែនដីខេត្តកណ្តាល បានបង្កនូវការភ័យខ្លាចសម្រាប់ប្រជាជន …។ ថ្ងៃនេះបន្ទាប់ពីការធ្វើតេស្តលើកទី ២ យើងបានឃើញវិជ្ជមានចំនួន ៣ នាក់ នៅក្នុងនោះមន្រ្តីជាន់ខ្ពស់កម្ពុជាចំនួន ២ នាក់ បូកជាមួយនឹងអគ្គរដ្ឋទូតរបស់ហុងគ្រីម្នាក់ទៀត សរុបទាំងអង្គរក្ស ទាំងរដ្ឋមន្រ្តីការបរ​ទេសរបស់ហុងគ្រី ចំនួននេះបានឡើងរហូតទៅដល់ ៤ នាក់ហើយ។ បញ្ហាសំខាន់, ជាការបារម្ភ, យើងបានគ្រប់គ្រងសភាពការណ៍នេះក្នុងកម្រិតមួយ គឺការបិទស្តាតអូឡាំពិក បិទសាលារៀន ទាំងរដ្ឋ និងឯកជន នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ដើម្បីត្រួតត្រាក្នុងសភាពការណ៍។ រដ្ឋមន្រ្តីសុខាភិបាលក៏បានស្នើសុំមកខ្ញុំដើម្បីបិទនូវកន្លែងមួយចំនួនផ្សេងទៀត…